ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines បានបន្ទាបការព្យាករណ៍តម្រូវការការិយាល័យសរុបនៅទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនសម្រាប់ឆ្នាំនេះចំនួន ២៥ភាគរយ ពី៤០០.០០០ម៉ែត្រការ៉េ មកត្រឹម៣០០.០០០ម៉ែត្រការ៉េ។
ការព្យាករណ៍នេះធ្វើឡើង ស្របពេលវិបត្តិនៅមជ្ឈិមបូព៌ាធ្វើឱ្យក្រុមហ៊ុននានាមានការប្រុងប្រយ័ត្នកាន់តែខ្លាំងអំពីការពង្រីក និងការផ្លាស់ប្តូរទីតាំង។
ការជួលការិយាល័យនៅទីក្រុងម៉ានីលនៅត្រីមាសទី២ មានចំនួនប្រហែល១៤៥.០០០ម៉ែត្រការ៉េ ដាំក្បាលចុះ២៤ភាគរយបើធៀបនឹងត្រីមាសទី១ និងជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២៤។

អត្រាការិយាល័យទំនេរស្ថិតក្នងរង្វង់១៩ភាគរយ ឬស្មើនឹងប្រហែល២,៨លានម៉ែត្រការ៉េនៃទំហំការិយាល័យទំនេរ។ តម្លៃជួលការិយាល័យជាទូទៅ នៅក្នុងរដ្ឋធានីម៉ានីលបន្តស្ថិតនៅទ្រឹង។
ទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងទទួលបានការផ្គត់ផ្គង់ការិយាល័យថ្មីប្រហែល៣៥០.០០០ម៉ែត្រការ៉េជារៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ការណ៍នេះអាចជំរុញអត្រាការិយាល័យទំនេរឱ្យកើនឡើងខ្ពស់។
និន្នាការនៃតម្រូវការការិយាល័យក៏កំពុងងាកទៅរកអគារមាននិរន្តរភាពផងដែរ ដោយប្រតិបត្តិការជួលការិយាល័យចំនួន៦៨ភាគរយនៅឆមាសទីមួយ ជាអគារការិយាល័យដែលមានវិញ្ញាបនបត្របញ្ជាក់ពីភាពបៃតង៕







