(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា បណ្តាញសង្គម Facebook,TikTok និង AI មានក្រមសីលធម៌ខ្ពស់ ហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌? ខណៈការជេរបញ្ចោគ្នាលើបណ្ដាញសង្គម ក្លាយជាភាសាដ៏ពេញនិយមសម្រាប់បុគ្គលមួយចំនួន និន្នាការបែបនេះកំពុងធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម។
ការសង្កត់ធ្ងន់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ជំនួបធ្វើនៅធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ហេតុអ្វីបានជាក្រសួង ស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌នេះឱ្យបានខ្ពស់ដូចគ្នា ដែលបណ្តាញសង្គមធំៗបានដាក់ចេញពាក់ព័ន្ធនឹងបញ្ហាក្រសីលធម៌នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សូមឱ្យក្រសួងព័ត៌មាន មើលឱ្យច្បាស់តាមឱ្យជាប់ ពេលខ្លះ ខ្ញុំសូមជម្រាបថាយើងធូរលុងខ្លាំងណាស់ បើនិយាយពីក្រមសីលធម៌នៃ Facebook, ក្រមសីលធម៌នៃ TikTok ក្រមសីលធម៌នៃ AI គេខ្លាំងជាងយើងទៀតណាស់។ ហេតុអីបានជាយើងជាស្ថាប័នរដ្ឋមួយ យើងមិនអាចធ្វើបានថាគេរារាំង?»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើចង់រារាំងសិទ្ធិ ទៅបន្ទោស Facebook ទៅបន្ទោស TikTok ទៅបន្ទោស AI ទៅ។ កម្មវិធីបញ្ញាសិប្បនិម្មិត AI គឺតឹងរ៉ឹង ពោលគ្រាន់តែសម្តេចចង់ឱ្យ AI ជួយធ្វើរូបដែលទើបស្រាវជ្រាវឃើញ និងចង់ឱ្យ AI ជួយកែច្នៃរូបភាពពីសក់ស មកសក់ខ្មៅ តែត្រូវ AI ឆ្លើយតបវិញថា ជាគោលការណ៍របស់ AI គឺមិនអនុញ្ញាតនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្មវិធីបណ្តាញសង្គម Facebook និង Tiktok គឺមានក្រមសីលធម៌ និងគោលការណ៍ច្បាស់លាស់ ប្រសិនបើអ្នកលេងបង្ហោះសារ ឬចែកចាយវីដេអូ និងរូបភាពបំពានដែលគោលការណ៍ច្បាស់ណាស់នឹងមានសារព្រមាន ឬផ្អាកដំណើរតែម្តង។
«ហេតុអី បានជាមិនព្រមធ្វើ ក្រសួងកិច្ចការនារី នាំមុខធ្វើអារឿងហ្នឹង ដាក់បណ្តឹងទៅ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងការបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងព័ត៌មាន ត្រូវមើលឱ្យច្បាស់ និងតាមដានឱ្យជាប់ពាក់ព័ន្ធការជេរបញ្ចោរគ្នាតាមបណ្តាញសង្គម ខណៈសម្ដេចមើលឃើញថាបញ្ហានេះនៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ Facebook, TikTok និង AI។
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំយន្តការតាមដាន និងចាត់វិធានការចំពោះអ្នកជេរបរិហារកេរ្តិ៍គ្នាតាមបណ្ដាញសង្គម ដើម្បីការពារសេចក្ដីថ្លៃថ្នូរ និងលើកកម្ពស់សីលធម៌ស្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការមិនពេញចិត្តចំពោះការប្រើប្រាស់បណ្តាញសង្គមដើម្បីហែកហួរគ្នា ជេរបញ្ចោរ ជាពិសេសករណីទាស់ទែងគ្នារវាងប្តីប្រពន្ធ ឬគូសង្សារដែលបង្ហោះលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកូនៗ និងក្រុមគ្រួសារ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីស្ត្រីដែលជេរបញ្ចោរកងទ័ព មិនអាចព្រងើយកន្តើយបាននោះឡើយ។ តាមរយៈប្រសាសន៍នេះ សម្តេចតេជោបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសីលធម៌សង្គម និងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គល៕







