សម្តេចតេជោ ហ៊ុន សែន៖ Facebook,​TikTok និង AI មានក្រមសីលធម៌ខ្ពស់ ​ហេតុអ្វី​ស្ថាប័នរដ្ឋ​មិន​ព្រម​ធ្វើ​រឿង​សីលធម៌​? ​និង​ណែ​នាំ​ក្រសួង​ព័ត៌មាន​តាម​ដាន​ការ​ជេរបញ្ចោរ​លើ​បណ្តាញ​សង្គម

ចែករំលែក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា បណ្តាញសង្គម Facebook,​TikTok និង AI មានក្រមសីលធម៌ខ្ពស់ ហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌? ខណៈការជេរបញ្ចោគ្នាលើបណ្ដាញសង្គម ក្លាយជាភាសាដ៏ពេញនិយមសម្រាប់បុគ្គលមួយចំនួន និន្នាការបែបនេះកំពុងធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម។

ការសង្កត់ធ្ងន់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ជំនួបធ្វើនៅធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ហេតុអ្វីបានជាក្រសួង ស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌នេះឱ្យបានខ្ពស់ដូចគ្នា ដែលបណ្តាញសង្គមធំៗបានដាក់ចេញពាក់ព័ន្ធនឹងបញ្ហាក្រសីលធម៌នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សូមឱ្យក្រសួងព័ត៌មាន មើលឱ្យច្បាស់តាមឱ្យជាប់ ពេលខ្លះ ខ្ញុំសូមជម្រាបថា​យើងធូរលុងខ្លាំងណាស់ បើនិយាយពីក្រមសីលធម៌នៃ Facebook, ក្រមសីលធម៌នៃ TikTok ក្រមសីលធម៌នៃ AI គេខ្លាំងជាងយើងទៀតណាស់។​ ហេតុអីបានជាយើងជាស្ថាប័នរដ្ឋមួយ យើងមិនអាចធ្វើបានថាគេរារាំង?»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើចង់រារាំងសិទ្ធិ ទៅបន្ទោស Facebook ទៅបន្ទោស TikTok ទៅបន្ទោស AI ទៅ។ កម្មវិធីបញ្ញាសិប្បនិម្មិត AI គឺតឹងរ៉ឹង ពោលគ្រាន់តែសម្តេចចង់ឱ្យ AI ជួយធ្វើរូបដែលទើបស្រាវជ្រាវឃើញ​ និងចង់ឱ្យ AI ជួយកែច្នៃរូបភាពពីសក់ស មកសក់ខ្មៅ តែត្រូវ AI ឆ្លើយតបវិញថា ជាគោលការណ៍របស់ AI ​គឺមិនអនុញ្ញាតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្មវិធីបណ្តាញសង្គម Facebook និង Tiktok គឺមានក្រមសីលធម៌ និងគោលការណ៍ច្បាស់លាស់ ប្រសិនបើអ្នកលេងបង្ហោះសារ ឬចែកចាយវីដេអូ​ និងរូបភាពបំពានដែលគោលការណ៍ច្បាស់ណាស់នឹងមានសារព្រមាន​ ឬផ្អាកដំណើរតែម្តង។

«ហេតុអី បានជាមិនព្រមធ្វើ​ ក្រសួងកិច្ចការនារី នាំមុខធ្វើអារឿងហ្នឹង ដាក់បណ្តឹងទៅ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ពាក់ព័ន្ធនឹងការបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងព័ត៌មាន ត្រូវមើលឱ្យច្បាស់ និងតាមដានឱ្យជាប់ពាក់ព័ន្ធការជេរបញ្ចោរគ្នាតាមបណ្តាញសង្គម​ ខណៈសម្ដេចមើលឃើញថាបញ្ហានេះនៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ Facebook, TikTok និង AI។

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំយន្តការតាមដាន និងចាត់វិធានការចំពោះអ្នកជេរបរិហារកេរ្តិ៍គ្នាតាមបណ្ដាញសង្គម ដើម្បីការពារសេចក្ដីថ្លៃថ្នូរ និងលើកកម្ពស់សីលធម៌ស្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការមិនពេញចិត្តចំពោះការប្រើប្រាស់បណ្តាញសង្គមដើម្បីហែកហួរគ្នា ជេរបញ្ចោរ ជាពិសេសករណីទាស់ទែងគ្នារវាងប្តីប្រពន្ធ ឬគូសង្សារដែលបង្ហោះលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកូនៗ និងក្រុមគ្រួសារ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីស្ត្រីដែលជេរបញ្ចោរកងទ័ព មិនអាចព្រងើយកន្តើយបាននោះឡើយ។ តាមរយៈប្រសាសន៍នេះ សម្តេចតេជោបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសីលធម៌សង្គម និងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គល៕


ចែករំលែក