ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែកំពុងពង្រឹងតួនាទីជាច្រកទ្វារទេសចរណ៍អន្តរជាតិ និងជាគោលដៅទេសចរណ៍ទីក្រុងដ៏រស់រវើក ដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទេសចរណ៍ទីក្រុង និងជីវិតសម័យទំនើប”។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត “ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០” ដែលផែនការនេះ មិនត្រឹមតែជាឯកសារតម្រង់ទិសប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបង្ហាញផ្លូវរួម និងជាក្របខណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅរាជធានីភ្នំពេញ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដោយឈរគោលការណ៍ ស្អាត ឆ្លាត និងបៃតង ព្រមទាំងពង្រឹង ឧត្តមភាព និងសមត្ថភាពប្រកួតប្រជែង របស់រាជធានីភ្នំពេញ ឱ្យក្លាយជាគោលដៅទេសចរណ៍ទីក្រុង ដ៏លេចធ្លោមួយនៅក្នុងតំបន់។
លោករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ មន្ទីរពាក់ព័ន្ធជុំវិញ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលសព្វគ្រប់បែបយ៉ាងជាមួយក្រសួងទេសចរណ៍ នៅគ្រប់ព្រឹត្តិការណ៍ទេសចរណ៍ទាំងអស់ ជាពិសេស ការគាំទ្រយ៉ាងសកម្ម តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយក្នុងការអនុវត្ត យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់តាំងពីឆ្នាំ២០២៥ និងបន្តមកដល់ឆ្នាំ២០២៦ នេះ។
លោកហួត ហាក់បានជម្រាបជូនផងដែរថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់ និងជាគោលដៅទេសចរណ៍ទីក្រុងទំនើប ប្រកបដោយភាពស៊ីវីល័យ និងរស់រវើក ព្រមទាំងតភ្ជាប់ភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍នានា ទូទាំងប្រទេស។ រាជធានីភ្នំពេញ មានអត្តសញ្ញាណ សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ជាពិសេស ផ្លូវថ្មើរជើងចតុមុខ ដែលជាផលិតផលទេសចរណ៍ថ្មីមួយកំពុងទទួលបានការគាំទ្រ និងជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ដ៏ទាក់ទាញជាបន្តបន្ទាប់។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍ នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ កម្ពុជា មិនអាចពឹងផ្អែកតែលើសក្តានុពលដែលមានស្រាប់នោះទេ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាព សេវាកម្មទេសចរណ៍, បង្កើនភាពទាក់ទាញ, ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាភ្នំពេញ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យ នៃការប្រកួតប្រជែងជាមួយទីក្រុងទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាទិភាពធំៗចំនួន៣ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងក្នុងតំបន់ និងការផ្លាស់ប្តូររបស់ភ្ញៀវទេសចរជំនាន់ថ្មី គឺ ទី១).ការជំរុញការបង្កើតអត្តសញ្ញាណ និងម៉ាកសញ្ញាផ្ទាល់ខ្លួន (Phnom Penh Destination Branding)។ ទី២).ការរៀបចំ និទានកថា (Storytelling) ដោយផ្លាស់ប្តូរ និងបន្ថែមពីការ “លក់ទីកន្លែងដែលជាគោលដៅទេសចរណ៍” មកជា “លក់រឿងរ៉ាវ បទពិសោធន៍ និងអារម្មណ៍” ដោយផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ស្ថាបត្យកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាហារតាមតំបន់។ និងទី៣). ការជំរុញទេសចរណ៍នាពេលរាត្រី (Night Tourism) ដោយពង្រីកសកម្មភាពទេសចរណ៍ពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវ៕







