ដោយគង់ សូរិយា
ភ្នំពេញៈ ការដឹងវិធីសាស្រ្តគ្រប់គ្រងសាច់ប្រាក់មានសារៈសំខាន់ណាស់ ដើម្បីយើងអាចមានលទ្ឋភាពក្នុងការសន្សំ ការវិនិយោគ និងធ្វើឲ្យគុណភាពជីវិតប្រសើរឡើង។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យ លោកង៉ែត ជូបានមានប្រសាសន៍ឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីម្សិលម៉ិញនេះថា អ្នកឯកទេសផ្នែកចិត្តវិទ្យាបានរកឃើញថា ជាទ្រឹស្តីមនុស្សរមែងចង់អោយខ្លួនឯងល្អ និងចំរ៉ុងចំរើន។ ប៉ុន្តែមនុស្សជាច្រើនពិបាកនឹងប្តូរទម្លាប់មិនល្អណាស់។ ដូចជាយើងតែងឮគំនិតល្អៗថា ដើម្បីអោយឆាប់មានសេរីភាពហិរញ្ញវត្ថុត្រូវសន្សំ ឬវិនិយោគមុនចាយ។ ប៉ុន្តែសួរថាធ្វើដូចម្តេចទើបអាចប្តូរពីទំលាប់ចាយមុនសន្សំឬវិនិយោគ?។
លេសដដែលៗគឺបើចាយមិនគ្រាន់ផង តើធ្វើដូចម្តេចទើបមានលុយសន្សំឬវិនិយោគ? រឿងទម្លាប់នេះ មិនថាតែលុយកាក់ទេ ការពិសារបារី និងគ្រឿងស្រវឹង មនុស្សសុទ្ធតែដឹងថាមិនល្អចំពោះសុខភាព និងចំណាយប្រាក់ឥតប្រយោជន៍ ចុះហេតុអ្វីនៅតែប្រព្រឹត្ត? វិធីងាយៗបីយ៉ាងដែលអាចជួយឲ្យ លោក អ្នកមានទម្លាប់ចាត់ចែងលុយកាក់មានប្រសិទ្ធិភាព: ដូចជា ទី១ រៀនពីគំនិតល្អៗក្នុងការចាត់ចែងលុយ (ឬហៅថាចំណេះដឹងហិរញ្ញវត្ថុ) (Learn financial literacy): ចំនុចនេះអាចជាការអានសៀវភៅ ការអានអត្ថបទខ្លីៗស្តីអំពីការចាត់ចែងលុយ ឬការវិនិយោគរបស់បុគ្គលជោគជ័យនានា (ដូចជាលោកវ៉ារិនបាហ្វេរូប៊ឺតគីយូសាគី។ល។
លោកបន្តថា “ការចូលរួមសិក្ខាសាលា និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដែលមានបទពិសោធន៍ក្នុងការសន្សំឬការវិន៊ិយោគ។ ត្រូវចាត់ទុកថា ដរាបណាអ្នកនៅមានជីវិត អ្នកត្រូវរៀនជាប់ជាប្រចាំ”។ លោកបន្ថែមថា “ចូរកុំគិតថាខ្លួនមានសមត្ថភាពហើយ មិនចាំបាច់រៀននោះទេ”។
ទី២ ចូលរួមក្នុងបរិយាកាសសង្គម ដែលមានលក្ខណះអំណោយផលល្អ ក្នុងការចាត់ចែងលុយនិងការវិនិយោគ (choose enabling environment) ពោលគឺអ្នកត្រូវចំណាយពេលចងមិត្តជាមួយអ្នក ដែលពូកែចាត់ចែងលុយកាក់ឬវិនិយោគ ចូលរួមជាសមាជិកក្រុមសន្សំមិត្តជួយមិត្ត (Friends Help Friends Saving Group) សមាជិកក្លឹបអ្នកវិនិយោគកម្ពុជា (Cambodia Investors Club)។ល។ បើអ្នកបានចូលខ្លួនសេពគប់ជាមួយមនុស្សក្នុងបរិយាកាសបែបនេះ នោះអ្នកនឹងរវល់តែគិតរឿងសន្សំ-វិនិយោគ។ ពោលគឺអ្នកមិនមានពេលគិតពីការប្តូរស៊េរីរថយន្ត ប្តូរទូរសព្ទដៃ ដូចការចូលក្នុងចង្កោមមនុស្សដែលនិយមជីវិតបែបស៊ីវីល័យនោះទេ។
ទី៣ អនុវត្តន៍ចំណេះដឹងដែលទទួលបាន (practice): ចាប់ផ្តើមសន្សំឬវិនិយោគ ទោះតិចក្តីច្រើនក្តី។ ការដាក់ហ៊ុនវិនិយោគប្រាក់តិចតួចរួមគ្នាលើកដំបូង ក៏ជាការល្អដែរ ព្រោះអ្នកនឹងរៀនពីបទពិសោធន៍ជាក់ស្តែង។ អ្នកនឹងរៀនធ្វើការសំរេចចិត្ត រៀនធ្វើការជាមួយអ្នកដទៃ រៀនដោះស្រាយបញ្ហា រៀនទទួលយកនូវហានិភ័យក្នុងការវិនិយោគ។ល។
លោកង៉ែត ជូបានបន្តថា ពី១គ្រាទៅ១គ្រា អ្នកនឹងកាន់តែមានបទពិសោធន៍ ហ៊ានធ្វើការសំរេចចិត្តវិនិយោគធំជាងមុន ហ៊ានទទួលយកហានិភ័យធំជាងមុន។ល។ សមដូចសុភាសិតចិន១ឃ្លាថា “ដំណើររាប់ពាន់យោជ៍ចាប់ផ្តើមពី១ជំហានដំបូង។ ដើមឈើទំហំ១អោបរីកលូតលាស់ពីកូនរុក្ខជាតិប្រវែង១ថ្នាំងដៃ”។ មុននឹងឈានដល់មានសមត្ថភាពគ្រប់គ្រងចាត់ចែងប្រាក់រាប់លានដុល្លាអាមេរិកឲ្យមានប្រសិទ្ធិភាព អ្នកត្រូវចេះគ្រប់គ្រងចាត់ចែងប្រាក់ខែដែលរកបានមកដោយលំបាក និងធ្វើការអោយគេប្តូរអស់ជីវិត៣០ថ្ងៃទើបអាចបើកបានម្តង៕