ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន Compass Advertising Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនៅកម្ពុជា ព្រមទាំងរួមគ្នាបង្កើតតម្លៃបន្ថែមដល់ផលិតផល និងព្រឹត្តិការណ៍ទេសចរណ៍នានា សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។
នាឱកាសនៃកិច្ចជំនួប ដ៏មានសារៈសំខាន់នេះ លោកស្រី ណេង ស៊ីណាត បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ ជាមួយក្រសួងទេសចរណ៍ និង CTB ដោយចូលរួមបង្កើតតម្លៃបន្ថែមដល់កម្មវិធី និងព្រឹត្តិការណ៍នានា ព្រមទាំងស្វែងយល់អំពីគម្រោង និងផែនការព្រឹត្តិការណ៍ទេសចរណ៍នាពេលខាងមុខ ដើម្បីសិក្សាលទ្ធភាពចូលរួម និងរួមចំណែកផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងចំទីផ្សារគោលដៅ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន Compass Advertising Co., Ltd. ដែលបានចូលរួមរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិជាច្រើននៅកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តចូលរួមជាមួយក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) លើការធ្វើទីផ្សារ ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដើម្បីពង្រីកការចូលរួមពីទេសចរក្នុងស្រុក និងទាក់ទាញទេសចរអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ប្រចាំឆ្នាំ ដូចជា បុណ្យទន្លេ បុណ្យសមុទ្រ បុណ្យអេកូទេសចរណ៍ និងបុណ្យភ្នំ ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៀតដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងកិច្ចសហការលើការទាក់ទាញសិល្បករ តារាចម្រៀង និងព្រឹត្តិការណ៍អន្តរជាតិល្បីៗមកកម្ពុជា ដោយប្រើប្រាស់បទពិសោធន៍ និងបណ្តាញដៃគូរបស់ក្រុមហ៊ុន ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ បង្កើនភាពរស់រវើកនៃគោលដៅ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន ចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមាន និងសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញ និងដៃគូរបស់ក្រុមហ៊ុននៅទីផ្សារបរទេស ជាពិសេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)” និងការជំរុញអំណាចទន់ (Soft Power) តាមរយៈទេសចរណ៍ភាពយន្ត ទស្សនាប្រាសាទនាពេលរាត្រី ទេសចរណ៍ម្ហូបអាហារ ការប្រគំតន្ត្រីអន្តរជាតិ ទេសចរណ៍កីឡា និងព្រឹត្តិការណ៍ទេសចរណ៍នានា។
ដោយឡែក សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំ២០២៦ ដែលគ្រោងរៀបចំនៅខេត្តព្រះសីហនុ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Compass Advertising Co., Ltd. សិក្សា និងលើកសំណើមកក្រសួងទេសចរណ៍ ដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍ ឱ្យកាន់តែមានភាពច្នៃប្រឌិត ទាក់ទាញ និងបង្កើតតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចមូលដ្ឋាន។
ទន្ទឹមនឹងនេះ ករណីមានលទ្ធភាពទាក់ទាញព្រឹត្តិការណ៍ ឬតារាអន្តរជាតិល្បីៗមកសម្តែងនៅកម្ពុជា ក្រុមហ៊ុនអាចសិក្សា និងលើកជាសំណើ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហការ ជាមួយក្រសួងទេសចរណ៍។
ជំនួបនេះ បានបង្ហាញពីការបន្តពង្រឹង ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការប្រើប្រាស់ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍ជាចលករជំរុញទេសចរណ៍ ដើម្បីលើកកម្ពស់ភាពទាក់ទាញនៃ “គោលដៅកម្ពុជា” និងរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពរស់រវើក ប្រកួតប្រជែង និងរីកចម្រើន ប្រកបដោយចីរភាព៕







