ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងរួមគ្នាពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការ សម្រាប់ទីផ្សារទេសចរណ៍សក្តានុពល ការសម្រួលការធ្វើដំណើរ និងការពង្រឹងការតភ្ជាប់ជើងហោះហើរ ដែលជាកាតាលីករដ៏សំខាន់ សម្រាប់បង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីរៀបចំជាសំណើគោរពជូន ប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដោយមានការចូលរួមពី ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ»”។
កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ក៏មានការចូលរូមពីសភាពាណិជ្ជកម្មបរទេសប្រចាំកម្ពុជាជាច្រើន ដូចជា AmCham, CanCham, EuroCham, ក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៊ិនវេសមិន, តំណាងក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន និងសមាគមឧស្សាហកម្មទេសចរណ៍ សរុបអ្នកចូលរួមចំនួន៧៧នាក់។
លោកបានបញ្ជាក់ជូនថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្តពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដែលវិស័យឯកជនបានលើកសំណូមពរចំនួន២ និងក៏ជាកម្មវត្ថុនៃកិច្ចប្រជុំនៅក្នុងថ្ងៃនេះដែរ រួមមាន៖ (១) ការពិចារណា លើគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ទីផ្សារសក្តានុពលមួយចំនួន និងការពន្យារពេលការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចិនរហូតដល់ដំណាច់ឆ្នាំ និង (២) សំណើសុំបង្កើតយន្តការពិសេសថ្នាក់ជាតិ សម្រាប់ជំរុញការស្តារវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីសម្របសម្រួលគោលនយោបាយពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន។

លោកបញ្ជាក់ថា “កិច្ចប្រជុំនេះ គឺជាការជជែកពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា សំដៅបង្កើនភាពប្រកួតប្រជែង របស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ជើងហោះហើរ ដោយសារវិស័យទាំងពីរនេះមានទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងប្រទាក់ក្រឡាគ្នាដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន”។
ក្នុងន័យនេះ ដើម្បីរួមចំណែកបង្កើនលំហូរ ភ្ញៀវទេសចរអន្តរជាតិ និងជំរុញការស្តារវិស័យទេសចរណ៍ ដ៏ដូចជាជំរុញដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ឱ្យកាន់តែមានសន្ទុះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ទេសចរណ៍ និងអាកាសចរណ៍ត្រូវការការចូលរួមជាសហថាមពលពីរាជរដ្ឋាភិបាល វិស័យឯកជន ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះ បានបង្ហាញពីស្មារតី និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមនានា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីពង្រីកទីផ្សារទេសចរណ៍ បង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យកាន់តែច្រើនឡើង និងពង្រឹងការតភ្ជាប់អាកាសចរណ៍៕







