ដោយៈ ចំណាន
កំពង់ស្ពឺៈ អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការចាត់តាំងរបស់ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ស្តីពីការគ្រប់គ្រងសហគមន៍ ជូនសមាជិកគណៈកម្មការគ្រប់គ្រង សហគមន៍ទេសចរណ៍ទេទឹកពុះ នៅសហគមន៍ទេសចរណ៍ខ្នងផ្សារដោយផ្ទាល់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
កម្មវិធីនេះមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការគ្រប់គ្រងសហគមន៍ទេសចរណ៍ទេទឹកពុះចំនួន ២២រូប ដឹកនាំដោយលោក ផល លឿន ប្រធានសហគមន៍ទេទឹកពុះ និងត្រូវបានទទួលស្វាគមន៍ដោយលោក ហ៊ុន សៅ ប្រធានសហគមន៍ទេសចរណ៍ខ្នងផ្សារ រួមជាមួយសមាជិក សមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ទេសចរណ៍ខ្នងផ្សារ សរុបរួមទាំងអស់ប្រមាណ ៥០រូប។
ជាលទ្ធផល គណៈកម្មការគ្រប់គ្រងសហគមន៍ទេទឹកពុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្រុញការអភិវឌ្ឍសហគមន៍ទេទឹកពុះនេះ និងអរគុណដល់ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានរៀបចំដំណើរទស្សនកិច្ចចុះសិក្សា និងដកស្រង់បទពិសោធនេះ ឆ្លើយតបតាមតម្រូវការចាំបាច់ របស់គណៈកម្មការសហគមន៍ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធល្អៗសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាព ជាពិសេសធានាការគ្រប់គ្រង ការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ (Equitable Benefit-Sharing) និងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបាននឹងកំពុងកើតមានផងដែរ៕







