ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជា ជាទីតាំងថត និងផលិតវីដេអូAI ផ្សព្វផ្សាយ “សម្រស់ពិតរបស់កម្ពុជា” ទៅកាន់ពិភពលោក។
ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអនុញ្ញាតជូន អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន លោក Zhang Wenya នាយកក្រុមហ៊ុន Unicorn Media Consulting Group Cambodia, លោក Gao Weixiang នាយកប្រតិបត្តិក្រុមហ៊ុន VINCIS ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការផលិតភាពយន្តភាគខ្លី ផ្សព្វផ្សាយទេសចរណ៍ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំយកសក្តានុពលទេសចរណ៍ និង “សម្រស់ពិតរបស់កម្ពុជា”ទៅកាន់ទីផ្សារអន្តរជាតិ។
ជំនួបពិភាក្សាការងារនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមយុវជនឌីជីថលកម្ពុជា-ចិន ក្រុមហ៊ុន Unicorn Media Consulting Group Cambodia ក្រុមហ៊ុន VINCIS តំណាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកាសរុបប្រមាណ ៣០រូប។
ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបពិភាក្សាការងារ ព្រមទាំងបានរាយការណ៍អំពីគម្រោងស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្លូវការ ក្នុងការផលិតភាពយន្តខ្លីកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមយុវជនឌីជីថលកម្ពុជា-ចិន និងដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះ លោកហួត ហាក់ ក៏បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោងផលិតភាពយន្តខ្លីកម្ពុជា-ចិន ដែលនឹងបង្ហាញពីកម្ពុជាតាមរយៈសាច់រឿង និងមាតិកាដ៏ទាក់ទាញដល់ទស្សនិកជនអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍គាំទ្រជាគោលការណ៍ ចំពោះសំណើសុំការគាំទ្រផ្លូវការ និងការស្នើសុំឱ្យក្រសួងធ្វើជាស្ថាប័នណែនាំ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា “រាល់ការផលិតភាពយន្តត្រូវអនុវត្តន៍តាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន ជាពិសេសត្រូវទទួលបានការអនុញ្ញាតជាផ្លូវការលើខ្លឹមសារ និងសាច់រឿង (Script) ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនពេលដំណើរការថតជាក់ស្តែង។
លោករដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូ AI ផលិតដោយក្រុមហ៊ុនVINCIS ដែលបានបង្ហាញពីតំបន់អង្គរ និងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍវីដេអូAI ក្នុងទម្រង់និទានកថា (Storytelling) ដោយបញ្ជូលបច្ចេកវិទ្យាទំនើបជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីនាំយក “សម្រស់ពិតរបស់កម្ពុជា” ទៅឱ្យពិភពលោកបានឃើញ និងស្គាល់កាន់តែច្បាស់។
លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យផលិតករទស្សនា និងមើលឃើញកម្ពុជាជា “ស្ទូឌីយូធម្មជាតិ” ដ៏សម្បូរបែប ដោយពង្រីកទីតាំងថតឱ្យហួសពីតំបន់អង្គរ (Beyond Angkor) ទៅកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន តំបន់អេកូទេសចរណ៍ ព្រមទាំងស្ថាបត្យកម្មបេតិកភណ្ឌ និងសំណង់សម័យអាណានិគមនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពតជាដើម។
តំបន់ទាំងនេះ សុទ្ធសឹងតែអាចក្លាយជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏មានសក្តានុពល សម្រាប់ការផលិតភាពយន្ត និងមាតិកាអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកហួត ហាក់ បានគូសរំលេចពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញ ទេសចរណ៍ភាពយន្ត (Film Tourism) ឱ្យក្លាយជាឧបករណ៍ដ៏មានសក្តានុពល សម្រាប់ផ្សព្វផ្សាយរូបភាព វប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
ជាក់ស្តែង រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើត“ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត” កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងបានដាក់ឱ្យអនុវត្តកម្មវិធីលើកលែងទិដ្ឋាការ សាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជាកត្តាគាំទ្រដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកផលិតភាពយន្ត និងអ្នកបង្កើតមាតិកាពីទីផ្សារចិនមកកាន់កម្ពុជា៕






