ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុនទេសចរណ៍ដ៏ធំ និងនាំមុខគេនៅវៀតណាមជាង៣ទសវត្សរ៍ Vietravel Corporation ចាប់អារម្មណ៍សក្តានុពលទេសចរណ៍កម្ពុជាពង្រីក កញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា។
ក្នុងឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាបំពេញទស្សនកិច្ចការងារ ផ្សព្វផ្សាយសក្តានុពលយុទ្ធនាការ “ទស្សនាកម្ពុជានារដូវកាលបៃតង” ព្រមទាំងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Nguyễn Quốc Kỳ ប្រធានក្រុមហ៊ុន Vietravel Corporation និងសហការីជាថ្នាក់ដឹកនាំជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្មក្រុមហ៊ុន និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ អំពីឯកឧត្តមរដ្ឋមន្រ្តីលើកញ្ចប់ទស្សនកិច្ចថ្មីៗ របស់ខ្លូន “ទីក្រុងបុរាណ៣ ប្រទេស៣” ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីក្រុមហ៊ុនបានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលបានជម្រុញឱ្យក្រុមហ៊ុន បង្កើតកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកប្រធាន និងក្រុមហ៊ុន ដែលបានជឿទុកចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងសក្តានុពលទេសចរណ៍សម្រាប់ការពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគរបស់ខ្លួន ស្របពេលដែលវិស័យទេសចរណ៍ ដែលទទួលបាននូវការលើកទឹកចិត្តជាច្រើន និងត្រូវបានចាត់ទុកជា “ជន្ទល់សេដ្ឋកិច្ច” ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយគម្រោងចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងភាពជាដៃគូក្នុងវិស័យទេសចរណ៍ ដំណើរស្វែងយល់សក្តានុពលទេសចរណ៍ កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមកខេត្តសៀមរាប និងតំបន់ឆ្នេររបស់កម្ពុជា។
ជាងនេះទៅទៀត ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីកញ្ចប់ទេសចរណ៍ “ទីក្រុងបុរាណ៣ ក្នុងប្រទេស៣” ដោយភ្ជាប់ទីក្រុងវេ (Huế) នៃប្រទេសវៀតណាម ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហ្លួងព្រះបាង (Luang Prabang) នៃប្រទេសឡាវ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ឆ្លងប្រទេស ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតជាមួយជើងហោះហើរថ្មីសម្រាប់ទីក្រុងបុរាណទាំង៣ ក្នុងប្រទេសទាំង៣។
តាមរយៈកញ្ចប់ទស្សនកិច្ចថ្មីនេះ ពិតជាអាចជម្រុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំង៣ ប្រទេសទី៣ និងពីគ្រប់ទិសទីនៃពិភពលោក៕







