រដ្ឋបាលខេត្ត និង JICA​ ពិនិត្យ​គំរោង​ដើម្បី​បង្កើន​ភាពទាក់​ទាញ​នៅ​តាម​ដង​ស្ទឹង​សៀមរាប

ចែករំលែក

ដោយៈ ចំណាន

   សៀមរាបៈ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ព្រមទាំងអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងអនុវត្តគម្រោងសាកល្បង នៅមាត់ស្ទឹងសៀមរាប ដើម្បីផ្ទៀងផ្ទាត់លម្អិតអំពីការរៀបចំទីតាំងនេះ នៅមុនពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារJICA ព្រមទាំងអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងអនុវត្តគម្រោងសាកល្បង នៅមាត់ស្ទឹងសៀមរាប ដើម្បីផ្ទៀងផ្ទាត់លម្អិត អំពីការរៀបចំទីតាំងនេះ នៅមុនពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។

គម្រោងនេះមានបំណងបង្កើន ភាពទាក់ទាញនៅតាមដងស្ទឹង ដែលជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តបន្ថែមតាមដងស្ទឹង ដោ​យធ្វើឱ្យតំបន់នេះមានភាពបៃតង និងមានការតុបតែងសួន ដាំរុក្ខជាតិបន្ថែម មានប្រព័ន្ធភ្លើងលម្អ មានផ្ទាំងបង្ហាញឌីជីថលសម្រាប់ផ្ដល់ពត៌មានផ្សេងៗ មានទីតាំងសម្រាប់ថតរូបលេងកម្សាន្ត និងទីតាំងអង្គុយលេងផងដែរ។

នៅក្នុងពេលនេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA កំពុងពិនិត្យ និងរចនាតំបន់នេះ ដែលលាតសន្ធឹងពីគល់ស្ពានព្រះរាជដំណាក់ ទៅផ្នែកខាងត្បូងប្រវែងមួយរយម៉ែត្រ (១០០ ម)។ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ តំណាងសង្កាត់សាលាកម្រើក ព្រមទាំងរដ្ឋាករទឹកស្វ័យត្ន និងអគ្គីសនីកម្ពុជា ក៏បានចូលរួមចុះពិនិត្យមើលការរចនាលម្អិតនេះផងដែរ។

ក្រុមការងារគម្រោង នឹងពិភាក្សាសម្រេចអំពីចំណុចលម្អិតបន្ថែមទៀតជាមួយរដ្ឋបាលខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ៕


ចែករំលែក