ដោយៈ ចំណាន
សៀមរាបៈ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ព្រមទាំងអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងអនុវត្តគម្រោងសាកល្បង នៅមាត់ស្ទឹងសៀមរាប ដើម្បីផ្ទៀងផ្ទាត់លម្អិតអំពីការរៀបចំទីតាំងនេះ នៅមុនពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារJICA ព្រមទាំងអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងអនុវត្តគម្រោងសាកល្បង នៅមាត់ស្ទឹងសៀមរាប ដើម្បីផ្ទៀងផ្ទាត់លម្អិត អំពីការរៀបចំទីតាំងនេះ នៅមុនពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។
គម្រោងនេះមានបំណងបង្កើន ភាពទាក់ទាញនៅតាមដងស្ទឹង ដែលជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តបន្ថែមតាមដងស្ទឹង ដោយធ្វើឱ្យតំបន់នេះមានភាពបៃតង និងមានការតុបតែងសួន ដាំរុក្ខជាតិបន្ថែម មានប្រព័ន្ធភ្លើងលម្អ មានផ្ទាំងបង្ហាញឌីជីថលសម្រាប់ផ្ដល់ពត៌មានផ្សេងៗ មានទីតាំងសម្រាប់ថតរូបលេងកម្សាន្ត និងទីតាំងអង្គុយលេងផងដែរ។

នៅក្នុងពេលនេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA កំពុងពិនិត្យ និងរចនាតំបន់នេះ ដែលលាតសន្ធឹងពីគល់ស្ពានព្រះរាជដំណាក់ ទៅផ្នែកខាងត្បូងប្រវែងមួយរយម៉ែត្រ (១០០ ម)។ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ តំណាងសង្កាត់សាលាកម្រើក ព្រមទាំងរដ្ឋាករទឹកស្វ័យត្ន និងអគ្គីសនីកម្ពុជា ក៏បានចូលរួមចុះពិនិត្យមើលការរចនាលម្អិតនេះផងដែរ។
ក្រុមការងារគម្រោង នឹងពិភាក្សាសម្រេចអំពីចំណុចលម្អិតបន្ថែមទៀតជាមួយរដ្ឋបាលខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ៕







