ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជាបានដាក់ចេញសេវារថយន្តក្រុងសាធារណៈ តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ មករាជធានីភ្នំពេញជាជម្រើសធ្វើដំណើរ បន្ថែមផ្តល់ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិប្រកបដោយសុវត្ថិភាព ផាសុកភាព និងតម្លៃសមរម្យ។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើងប្រចាំកម្ពុជា សាកល្បងការធ្វើដំណើរតាមសេវា រថយន្តក្រុងសាធារណៈ (Airport Express Bus) ដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ដែលផ្តល់សេវាដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ។
សេវារថយន្តក្រុងប្រកបដោយផាសុកភាពនេះ មានតម្លៃធ្វើដំណើរត្រឹមតែ១.៥០០រៀលប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញពោលគឹរង្វង់មូលគួចកាណុងតែម្តង ដោយរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស។

សេវារថយន្តក្រុងនេះ ដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥:៣០ ព្រឹក ដល់ម៉ោង១០:៣០ យប់។
ការធ្វើដំណើរតាមរថយន្តនេះ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ មិនត្រឹមតែសន្សំសំចៃថ្លៃធ្វើដំណើរ និងថ្លៃប្រេងឥន្ធនៈ ថែមទាំងអាចទស្សនាទេសភាពតាមដងផ្លូវ និងស្វែងយល់ពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើដំណើរផងដែរ៕







