ដោយ: សហសេវិក
អន្តរជាតិ: ធនាគារកណ្តាលសហរដ្ឋអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់ ដោយសារតែការព្រួយបារម្ភអំពីអតិផរណា។ ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យ និងវិនិយោគិននៅជុំវិញពិភពលោក។
ទីក្រុងហុងកុងងាយនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដោយសារតែរូបិយប័ណ្ណរបស់ខ្លួនត្រូវបានភ្ជាប់ទៅនឹងប្រាក់ដុល្លារអាមេរិក។
នៅពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ ជាធម្មតាហុងកុងនឹងដំឡើងអត្រាការប្រាក់របស់ខ្លួនតាមពីក្រោ។ ការណ៍នេះបង្កើនថ្លៃដើមប្រាក់កម្ចីទិញផ្ទះ។ ថ្លៃដើមខ្ពស់អាចធ្វើឱ្យទីផ្សារអចលនទ្រព្យនៅហុងកុងមិនសូវទាក់ទាញ ជាពិសេសចំពោះវិនិយោគិនមកពីចិនដីគោក។
អ្នកទិញមកពីចិនដីគោកថ្មីៗនេះមានចំនួនប្រហែល ២៩% នៃការទិញផ្ទះនៅហុងកុងបើគិតពីចំនួននៃផ្ទះដែលបានទិញ និង៣៧% បើគិតពីតម្លៃ។
ដូច្នេះ ហុងកុងត្រូវបានចាត់ទុកថាជាទីផ្សារអចលនទ្រព្យមួយក្នុងចំណោមទីផ្សារអចលនទ្រព្យដែលងាយរងគ្រោះបំផុតចំពោះអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក។
ចំណែក ប្រទេសអូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងនូវែលសេឡង ប្រទេសទាំងនេះក៏មានបំណុលគ្រួសារខ្ពស់ និងប្រាក់កម្ចីទិញផ្ទះជាច្រើនដែលមានអត្រាការប្រាក់អថេរ ឬប្រែប្រួលជាញឹកញាប់។
ជាលទ្ធផល អត្រាការប្រាក់ខ្ពស់អាចបង្កើនការទូទាត់ប្រចាំខែរបស់ម្ចាស់ផ្ទះយ៉ាងឆាប់រហ័ស។ ការណ៍នេះអាចធ្វើឱ្យតម្រូវការលំនៅដ្ឋានធ្លាក់ចុះ និងដាក់សម្ពាធលើតម្លៃអចលនទ្រព្យ៕







