ក្រុមហ៊ុន​ទេសចរណ៍មក​ពី​ប្រទេស​ចំនួន​៣ ជួប​ជាមួយ​ក្រុម​ហ៊ុន​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ ទាក់ទាញប្រតិភូក្រុមហ៊ុនទេសចរណ៍ធំៗ មកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន ជួបពិភាក្សាជាមួយ ក្រុមហ៊ុនទេសចរណ៍កម្ពុជាបង្កើតកិច្ចសហការទេសចរណ៍រូមគ្នាជាច្រើន។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ (5th Cambodia Travel Match – CTM 2026 Mini-Series) រៀបចំដោយសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធាំនីភ្នំពេញ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍។ ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍កម្ពុជា (CTB) តំណាងសមាគមសណ្ឋាគារកម្ពុជា (CHA) ព្រមទាំងប្រតិភូ និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន រួមជាមួយអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជា អ្នកសារព័ត៌មាន សរុបជាង១៣០រូប នៅសណ្ឋាគារ Crowne Plaza Phnom Penh by IHG។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ មកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន ព្រមទាំងអ្នកចូលរួមទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ដែលជាអ្នករៀបចំកម្មវិធី រួមជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍ (CTB) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ពង្រីកឱកាសធុរកិច្ច និងផ្សព្វផ្សា​យសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា CTM 2026 Mini-Series បានក្លាយជាវេទិកាពាណិជ្ជកម្មទេសចរណ៍ដ៏សំខាន់មួយ ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន បង្កើនការចូលដល់ទីផ្សារទេសចរណ៍អន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព ការបង្កើតជាវេទិកាភ្ជាប់អ្នកទិញអន្តរជាតិ ជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជាជាក់ស្តែង និងប្រកបដោយលទ្ធផលខ្ពស់ ដើម្បីពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗ អំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងពិភពលោក ដែលជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើទីផ្សាទេស​ចរណ៍អន្តរជាតិ ពង្រីកវត្តមានរបស់កម្ពុជាក្នុងទីផ្សារថ្មីៗ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ឱ្យមានឱកាសចូលដល់ទីផ្សារអន្តរជាតិ។

ប​ន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញភ្ញៀវទេសចរ អ្នកទស្សនា និងវិនិយោគិនអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដោយភាពជឿជាក់ និងពុំមានកង្វល់ណាមួយ ព្រមទាំងទទួលបានបទពិសោធន៍ នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលល្បីថា “ស្នាមញញឹមកម្ពុជា” និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលជាអត្តសញ្ញាណពិសេសរបស់កម្ពុជា។

ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្នុងនាមជាអ្នករៀបចំកម្មវិធី (Lead Organizer) ដែលជាយុទ្ធនាការទីផ្សារគោលដៅ ជាយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទ “កម្ពុជាទៅកាន់ពិភពលោក” ដើម្បីបង្កើតវេទិកាធុរកិច្ចរវាងអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់កម្ពុជា ពង្រីកទីផ្សារ ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ និងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅលើទីផ្សារទេសចរណ៍ពិភពលោក៕


ចែករំលែក