ឆ្នេរសមុទ្រ​កម្ពុជា​ តារារះ​នាទិសនារតី ​សូមស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ! ​

ចែករំលែក

ដោយៈ ម៉ាណា

ព្រះសីហនុៈ ខេត្តព្រះសីហនុ ពង្រីកសក្តានុពលទេសចរណ៍ និងធុរកិច្ចឥតដែនកំណត់ ដើម្បីក្លាយជាទីក្រុងសេដ្ឋកិច្ច និងទេសចរណ៍គំរូទី២ របស់ព្រះរាជាណាចក្រកម្ពុជា”។ នេះបើតាមការលើកឡើងរបស់លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោកតរដ្ឋមន្រ្តី រួមជាមួយលោកម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​ព្រះសីហនុ ឆ្នាំ២០២៦-២០៣០​” ដែលជាខេត្តគោលដៅទី៥។ ផែនការអភិវឌ្ឍន៍ទេសចរណ៍នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ខេត្តព្រះសីហនុ​ ជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តកម្រិតអន្តរជាតិ ប្រកបដោយគុណភាព និងឧត្ដមភាពប្រកួតប្រជែងទាំងក្នុងក្រប​ខ័ណ្ឌ​តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលទីក្រុងធំទីពីររបស់ប្រទេសកម្ពុជា ដែលគាំទ្រដល់វិបុលភាពសេដ្ឋកិច្ច ការច្នៃប្រឌិត និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។​

លោករដ្ឋមន្រ្តី ក៏បានយកឱកាសនេះ សម្ដែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលលេចធ្លោទាំងនៅកម្រិតជាតិ និងកម្រិតអាស៊ាន ដែលខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ និងជ័យលាភីជាច្រើន ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ, ខេត្តព្រះសីហនុបានអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើន ចំណែកឯ សោភណភាពទីក្រុង ឆ្នេរសមុទ្រ និងទីសាធារណៈនានា ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ ដោយមានការរៀបចំទីតាំងកម្សាន្ត និងសំណង់និមិត្តរូបដ៏លេចធ្លោ ដូចជា រូបសំណាក “ព្រះថោងតោងស្បៃនាង​នាគ” រូបសំណាក “ខ្មែរធ្វើបាន” និងរូបសំណាក “នាគបាញ់ទឹក” ជាដើម ដែលពិតជាបានរួមចំណែកបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបានជម្រាបបន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដោយមានឆ្នេរសមុទ្រដ៏​ស្រស់ស្អាត កោះធំតូច ធនធានធម្មជាតិ ជីវចម្រុះសមុទ្រ និងឧទ្យានជាតិរាម ដែលអំណោយផលដល់ការអភិវឌ្ឍ ទេសចរណ៍ឆ្នេរ ទេស​ចរណ៍កោះ អេកូទេសចរណ៍ និងកីឡាទេសចរណ៍លើទឹក។ ទន្ទឹមនេះ ខេត្តក៏មានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ដ៏ប្រទាក់ក្រឡា រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍គ្រប់កម្រិត ដែលជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍សមុទ្រ កម្រិតអន្តរជាតិ ប្រកប​ដោយគុណភាព សុវត្ថិភាព និងចីរភាព។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្តថា នៅក្នុងបរិបទ ដែលការប្រកួតប្រជែងទេសចរណ៍ នៅក្នុងតំបន់​កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តព្រះសីហនុ អាច​​ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី ដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត សំដៅបន្តរក្សាបាននូវភាព ប្រកួតប្រជែងរបស់ខ្លួនជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និង​សកលលោកបាន។

លោកហួត ហាក់បានបញ្ជាក់ថា “វិស័យទេសចរណ៍ មានចរិកលក្ខណៈអន្តរវិស័យ និងមានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួមឱ្យបានស្រុះគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ””។

លោកបន្តថា អាស្រ័យហេតុនេះ​ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ ពោល​គឺជាការចូលរួម ដោយភាពសកម្ម, បុរេសកម្ម, អន្តរសកម្ម (និងពេលខ្លះ ប្រតិកម្ម) ពីក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល ការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន ក្នុងស្រុក និង បរទេស បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន Influencers KoLs និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ទាំងខ្មែរ និងបរទេសដែលស្រឡាញ់កម្ពុជា៕


ចែករំលែក