ដោយៈ ចំណាន
ភ្នំពេញៈ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ JAPFA Group ដឹកនាំដោយលោក Mark Gerald Eman នាយកក្រុមហ៊ុន។
ក្រុមហ៊ុន JAPFA Group ជាក្រុមហ៊ុនកសិ-ចំណីអាហារ (agri-food) ឈានមុខមួយនៅអាស៊ី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ នៅប្រទេសឥណ្ឌូនេស៊ី ហើយមានបទពិសោធន៍ប្រមាណ ៥៥ឆ្នាំ ក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រូតេអ៊ីនសំខាន់ៗ និងអាហារវេចខ្ចប់។ បច្ចុប្បន្ន ក្រុមហ៊ុនមានប្រតិបត្តិការនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ ក្រុមហ៊ុន JAPFA Group អនុវត្តគំរូអាជីវកម្មរួមបញ្ចូលគ្នានូវខ្សែច្រវាក់តម្លៃទាំងមូល “Feed–Farm–Food” ចាប់ពីការផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមសត្វ ការកែច្នៃ រហូតដល់ការផលិត និងចែកចាយផលិតផលអាហារសម្រាប់អ្នកប្រើប្រាស់ និងវិស័យសេវាកម្មម្ហូបអាហារ។
ក្នុងជំនួបនេះ លោកជា វុទ្ធី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះគណៈប្រតិភូក្រុមហ៊ុន JAPFA Group ដែលបានអញ្ជើញមកកម្ពុជា ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកកាលានុវត្តភាពវិនិយោគ នៅក្នុងវិស័យកសិកម្ម និងកសិ ឧស្សាហកម្ម។
លោកអគ្គលេខាធិការបានជម្រាបជូនពីច្បាប់ស្តីពី វិនិយោគ ជាពិសេស របបលើកទឹកចិត្តដែលមានភាពទាក់ទាញ និងគោលនយោបាយគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញ ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ចនិងវិនិយោគ។ ទន្ទឹមនេះលោកអគ្គលេខាធិការក៏បានលើកឡើងពីការដាក់ចេញនូវ “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ ឧស្សាហកម្មនៅកម្ពុជា” កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កន្លងមក ដើម្បីទាក់ទាញវិនិយោគឯកជន ក្នុងគោលដៅជំរុញការកែច្នៃកសិផល និងបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។
លោក Mark Gerald Eman ប្រធានគណៈប្រតិភូបានកត់សម្គាល់ពីការរីកចម្រើន យ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានទទួលស្គាល់ថា ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា ពិតជាមានភាពបើកចំហ មានតម្លាភាព ហើយរបបលើកទឹកចិត្តមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងមានក្របខណ្ឌគោលនយោបាយដោយឡែក សម្រាប់គាំទ្រដល់វិស័យកសិ ឧស្សាហកម្ម។
ក្នុងន័យនេះ លោកបានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជាគឺជាគោលដៅសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគ។
លោកអគ្គលេខាធិការបានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគោលបំណង បណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រោះវិស័យកសិកម្ម និងកសិ ឧស្សាហកម្មនៅកម្ពុជាមានសក្តានុពលធំធេង ដែលទាមទារឱ្យមានក្រុមហ៊ុនដែលជំនាញ និងបទពិសោធន៍ច្បាស់លាស់មកបណ្តាក់ទុនវិនិយោគ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យនេះ។ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនមិនត្រឹមតែនៅដំណាក់កាល សម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕







