ទស្សនាអរិយធ៌មអង្គរ ក្រោមដំណក់ទឹកភ្លៀងរដូវវស្សា ជាបទពិសោធន៍ដ៏កម្ររបស់ទេសចរ

ចែករំលែក

ដោយៈ ចំណាន

សៀមរាបៈ រដូវវស្សា តែងតែមានភ្លៀងធ្លាក់ជាញឹកញាប់ តែនេះមិនមែនជាឧបសគ្គ សម្រាប់ទេសចរមកទស្សនារមណីយដ្ឋានអង្គរឡើយ។

បើទោះបីជាមេឃកំពុងតែភ្លៀងរលឹមក្តី ក៏ទេសចរនៅតែចូលមកទស្សនាប្រាសាទ ដោយអ្នកខ្លះបាំងឆត្រ មួក ឬកន្សែង អ្នកខ្លះពាក់អាវភ្លៀង និងខ្លះទៀតដើរក្រោមដំណក់ភ្លៀងដោយផ្ទាល់ តាមដំណើរធម្មជាតិ ដែលហាក់កំពុងទទួលទឹកពិសិដ្ឋ ប្រោសព្រំពីអាទិទេពដូច្នោះដែរ។

ភ្ញៀវទេសចរទាំងនោះ ហាក់ទទួលបានអារម្មណ៍មួយប្លែកមើលទៅប្រាសាទមានទស្សនីយភាព មានសោភ័ណភាពស្រស់ស្អាតមួយបែបខុសពីផ្ទៃមេឃបើកថ្ងៃ ហើយទេសចរក៏មិនទុកពេលវេលានេះកន្លងទៅដោយអសារបង់ឡើយ។

ពួកគាត់មានទឹកមុខញញឹមញញែម មិននឿយណាយនឹងដើរក្រោមដំណក់ទឹកភ្លៀង ដោយពួកគេដើរទស្សនាឥតរុញរា និងថតផ្តិតរូបភាពទុកជាអនុស្សាវរីយ៍ផង។ ការមកទស្សនាប្រាសាទចំពេលវេលាមានភ្លៀងធ្លាក់ ក្រោមបរិយាកាសត្រជាក់ត្រជុំបែបនេះ ក៏ជាបទពិសោធន៍ដ៏កម្រក្នុងឆាកជីវិត ដែលមានពេលវេលាបានមកទស្សនារមណីយដ្ឋានអង្គរ នារដូវវស្សាផង៕


ចែករំលែក