ដោយៈ គង់ សូរិយា
សៀមរាបៈ ផែនការនេះ នឹងប្រែក្លាយខេត្តសៀមរាប ជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃ កម្រិតពិភពលោកដែលផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០” ដែលផែនការនេះ ជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក ដើម្បីផ្តល់បទពិសោធដ៏វិសេសវិសាលដល់ភ្ញៀវទេសចរ និងរួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរង តំណាងលោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋបាលខេត្តសៀមរាប, មន្ទីរពាក់ព័ន្ធជុំវិញ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជានិច្ចជាកាលតែងតែ បានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលសព្វគ្រប់បែបយ៉ាង ជាមួយក្រសួងទេសចរណ៍ នៅគ្រប់ព្រឹត្តិការណ៍ទេសចរណ៍ទាំងអស់ ជាពិសេស ការចូលរួមយ៉ាងសកម្មតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ការសម្របសម្រួលជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីក៏គូសរំលេចជូនថា ខេត្តសៀមរាបប្រៀបបាននឹងដួងព្រលឹង នៃព្រះរាជាណាចក្រកម្ពុជា ជាទឹកដីអរិយធម៌ដ៏រុងរឿង និងជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ និងជាកំណប់ទ្រព្យដ៏វិសេសវិសាលរបស់មនុស្សជាតិ។ ខេត្តសៀមរាបមិនត្រឹមតែឆ្លុះបញ្ចាំង ពីតថភាពនៃប្រវត្តិសាស្ត្រ សិល្បៈដ៏រស់រវើកនិងវប្បធម៌ អរិយធម៌ដ៏ឧត្ដុង្គឧត្ដមរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដែលតំណាងឱ្យអត្តសញ្ញាណ កិត្យានុភាព និងមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា នៅក្នុងបរិបទ ដែលការប្រកួតប្រជែងទេសចរណ៍ នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ (សៀមរាប លើសពីតំបន់អង្គរ) កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តសៀមរាប អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។
លោករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន៖ ទី១).ការបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តសៀមរាប និងពិនិត្យលទ្ធភាពបំផុសសក្តានុពលនៃទីតាំង ឬលំហសាធារណៈក្នុងខេត្ត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងឱ្យក្លាយជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។
ទី២).ការរៀបចំឱ្យមាននិទានកថា (Story Telling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយក្នុងសម័យទេសចរណ៍ទំនើប យើងមិនត្រឹមតែ “លក់ទីកន្លែង” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍” ត្រូវផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ, វប្បធម៌, ស្ថាបត្យកម្ម ជីវភាពរស់នៅ, អាហារ, និងលក្ខណៈពិសេសរបស់ទីតាំង ដែលមានភាពទាក់ទាញ និងមានភាពខុសប្លែក។ ទី៣).ការបង្កើតBranding របស់ខេត្តសៀមរាប ដែលផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ខេត្តសៀមរាប ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។ និងទី៤).ត្រូវពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រីដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ៕






