អ្នកឧកញ៉ាសំ សុខនឿន​ជាប់​ឆ្នោត​ជា​សមាជិក​ជ្រើស​តាំង​សភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន​​ SAM SN Group និងបុគ្គល៦រូបទៀតបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។

ពិធីបោះឆ្នោតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។

ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បំពេញកន្លែងទំនេររបស់សមាជិកជ្រើសតាំង នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលមានចំនួនសរុប៤០រូប ក្នុងការធានាបាននូវភាពពេញលេញនៃសមាសភាព និងប្រសិទ្ធភាពក្នុងការដឹកនាំ និងអនុវត្តការងាររបស់សភាពាណិជ្ជកម្ម ព្រមទាំងបន្តពង្រឹងការតំណាង និងការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន​​ SAM SN Group
អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន​​ SAM SN Group

ជាលទ្ធផល អង្គបោះឆ្នោតចំនួន៩០រូប ក្នុងចំណោម៩៣រូប បានចូលរួមបោះឆ្នោតគាំទ្រយ៉ាងលើសលប់ និងបានជ្រើសរើស សមាជិកជ្រើសតាំងថ្មីចំនួន៧រូប ដែលជាអ្នកជំនួញមានបទពិសោធន៍ សមត្ថភាព និងថាមពលក្នុងការចូលរួមចំណែកជំរុញវិស័យឯកជន រួមមាន៖
១. អ្នកឧកញ៉ា ជាម ឃុនណាត ២. អ្នកឧកញ៉ា តេង ហឿង ៣. អ្នកឧកញ៉ា អ៊ឹង លីហេង ៤. លោកជំទាវ ភឹម សំភ័ស ៥. អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ៦. អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន ៧.ឧកញ៉ាបណ្ឌិត អន ប៊ុនហាក់។

អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមាជិកជ្រើសតាំងថ្មីទាំង៧រូប និងបានគូសបញ្ជាក់ថា សមាជិកថ្មីទាំងអស់សុទ្ធសឹងជាអ្នកជំនួញ ដែលមានចំណេះដឹង សមត្ថភាព បទពិសោធន៍ និងធនធាន ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងវិស័យឯកជន និងការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងកម្ពុជា៕


ចែករំលែក