ក្រសួងនិងក្រុមហ៊ុន​ Genrich Investment Co., Ltd. ​ចុះ​ MoU ​លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព​

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Genrich Investment Co., Ltd. បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ។

ពិធីនេះធ្វើឡើងក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Lim Lork Johnson នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Genrich Investment Co., Ltd. និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការបង្កើតកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Genrich Investment Co., Ltd. ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការអភិរក្សបរិស្ថាន ឥណទានកាបូន និងដំណោះស្រាយអាកាសធាតុនៅកម្ពុជា ព្រមទាំងបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបដ៏សំខាន់នេះ លោករដ្ឋមន្ត្រីបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Genrich Investment Co., Ltd. ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តគាំទ្រ និងចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍របស់កម្ពុជា តាមរយៈបណ្តាញដៃគូ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន ជំរុញឱកាសវិនិយោគ លើគម្រោងទេសចរណ៍ ប្រកបដោយចីរភាព ដែលផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ ការការពារបរិស្ថាន និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ព្រមទាំងគាំទ្រការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip ) សម្រាប់ដៃគូ និងវិនិយោគិនអន្តរជាតិ មកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជាបន្ថែមទៀត។

លោកបានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចុក្ខវិស័យវែងឆ្ងាយរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

លោក Lim Lork Johnson បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍ លើការសិក្សាស្វែងយល់ និងអភិវឌ្ឍគម្រោងពាក់ព័ន្ធនឹងអាកាសធាតុប្រកបដោយនិរន្តរភាព ឥណទានកាបូន ការស្តារបរិស្ថាន និងទេសចរណ៍ធម្មជាតិនៅកម្ពុជា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៕


ចែករំលែក