កម្ពុជា ​ចិន​ប្រារព្វ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​វប្បធម៌ ​និង​ទេសចរណ៍​កម្ពុជា​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិនដ៏ធំ និងដ៏ទាក់ទាញប្រចាំឆ្នាំ “ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ” ឆ្នាំ២០២៦ ជួយជំរុញកំណើនភ្ញៀវទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍ស្រមោលសរាត្រី ផ្សព្វផ្សា​យវប្បធម៌ និងទេសចរណ៍ “ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ” ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកវ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចំាកម្ពុជា និងលោក Peng Bin អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ នៃគណៈកម្មាធិការបក្សខេត្តយូណាន ដែលរៀបចំឡើងក្នុងឱកាសអបអរសាទរបុណ្យសែនព្រះខែឆ្នាំ២០២៦ និងឆ្នាំទេសចរណ៍កម្ពុជា–ចិនឆ្នាំ២០២៥។

ក្នុងឱកាសដ៏ឱឡារិក និងអធិកអធមនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដ៏ស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថានទូត នៃ​សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា ផ្នែកឯកជនក្នុងវិស័យ​ទេសចរណ៍​ចិន ដែលបាននិងកំពុងធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន សិល្បករ-សិល្បការិនី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបាន​សហការ​រៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ស្រមោលសរាត្រី “ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ” នេះ ប្រកបដោយភាពឱឡារិក និងអធិកអធម។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “កម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ជាងមួយពាន់ឆ្នាំមកហើយ និងមានវប្បធម៌ ប្រពៃណីទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា និងតាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទេសចរ និងទំនាក់ទំនងប្រជាជននិងប្រជាជន គឺជាស្ពានដ៏សំខាន់ដែលមិនអាចខ្វះបាន”។

ក្នុងន័យនេះ ព្រឹត្តិការណ៍ស្រមោលសរាត្រីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ “ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ” គឺជាការបោះជំហាន និងការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ទំនាក់ទំនងកាន់តែស៊ីជ្រៅ និងជិតស្និទ្ធរវាងកម្ពុជា-ចិន ក៏ដូចជាចូលរួមអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន ដែលនឹងក្លាយជាចលករយ៉ាងសំខាន់បន្ថែមទៀត ក្នុងការតភ្ជាប់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ របស់ប្រទេសយើងទាំងពីរ ជាពិសេសជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងការបង្កើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង។​

ព្រឹត្តិការណ៍នេះ ក៏បាននាំមកនូវការសម្តែងសិល្បៈ និងវប្បធម៌ចម្រុះពីកម្ពុជា និងចិន រួមមានការប្រគំតន្ត្រីរួម “ពពកកំដរព្រះច័ន្ទ” របាំ “កាំរស្មីព្រះចន្ទ” របាំបុរាណខ្មែរ “របាំជូនពរ” របាំប្រជាប្រិយខ្មែរ “របាំអ្នកនេសាទ” ការចែករំលែករឿងរ៉ាវអំពីមិត្តភាពកម្ពុជា–ចិន, ការសម្តែង Street Dance រួមរវាងយុវជនកម្ពុជា–ចិន និងបទចម្រៀងរួមជាច្រើន ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី ក៏បញ្ជាក់ជូនសាជាថ្មី ពីការលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ជាពិសេសក្នុងយុទ្ធនាការ  “ទស្សនាកម្ពុជានារដូវបៃតង” ព្រមទាំងបានអញ្ជើញភ្ញៀវទេសចរ និងវិនិយោគិនចិន មកទស្សនាកម្ពុជា និងវិនិយោគនៅកម្ពុជា ព្រោះកម្ពុជា គឺជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព មិត្តភាព ភាតរភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ”៕


ចែករំលែក