ដោយៈ ចំណាន
ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយក្រុមការងារ នៃអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចុះពិនិត្យ តាមដាន និងគាំទ្រលើការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅខេត្តសៀមរាប និងខេត្តបាត់ដំបង។
ការចុះពិនិត្យនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់គឺដើម្បី៖ ១. ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្ត បញ្ហាប្រឈម និងទិសដៅធៀបនិងផែនការគ្រោងទុក ២. ធ្វើបច្ចុប្បន្នភាពនៃការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ៣. ពិភាក្សាបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងការអនុវត្តគម្រោង ការពន្លឿនការអនុវត្ត និងចែករំលែកឧត្តមានុវត្តន៍ ដែលរដ្ឋបាលខេត្តព្រះសីហនុធ្លាប់បានអនុវត្តកន្លងមក។
ក្នុងជំនួបនេះ លោកអភិបាលរង បានចែករំលែកពីបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការប្រមូលសំរាម និងបានលើកពីបញ្ហាប្រឈមសំខាន់ៗដែលគួរបានយកចិត្តទុកដាក់ ដោះស្រាយជាបន្ទាន់ ដូចជា ការញែកសំរាម និងការកើនឡើងយ៉ាងគំហុក នៃប្រើប្រាស់ថង់ប្លាស្ទិកដែលទាមទារនូវវិធានការឆ្លើយតប ដែលមានប្រសិទ្ធភាព និងការចូលរួមពីប្រជាពលរដ្ឋ។
គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួល ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជាមានភារកិច្ចដូចជា៖ ផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងតម្រង់ទិស លើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃ ការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ដឹកនាំ និងសម្របសម្រួលលើបញ្ហាអន្តរស្ថាប័ន ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោងធ្វើឱ្យ ប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ផ្តល់កិច្ចសហការ និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ ក្នុងការអនុវត្តគម្រោងឱ្យ បានសម្រេចតាមលទ្ធផលរំពឹងទុក ពិនិត្យតាមដានលើវឌ្ឍនភាព នៃការអនុវត្តគម្រោងទាំងមូល និងផ្តល់យោបល់កែលម្អ ផ្តល់យោបល់ និងណែនាំលើការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់គម្រោង៕







