ដំណឹងល្អៈ ​កម្ពុជា​នឹង​បើក​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​នៅ​ក្រៅ​ប្រទេស​ថ្មី​នៅ​ទីក្រុងប៉ារីស​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម ​នៅ​ក្រៅ​ប្រទេស​ថ្មី​​មួយ​ទៀត​នឹង​លេចរូបរាង​​ជាផ្លូវការ ក្នុង​ពេល​ឆាប់នេះៗ បន្ទាប់​ពីប្រមុខ​រាជ​​រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យ​បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំ​នៅ​ក្រុងប៉ារីស ប្រទេសបារាំង។

ការិយាល័យ​តំណាង​នៅទីក្រុងប៉ារីស នឹង​ក្លាយ​ជា​សាខាតំណាង​ទី​៩ របស់សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ក្រៅ​ប្រទេស។​

យោង​តាម​អនុក្រឹតដែល​​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ​​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​ ឱ្យ​​បង្កើត​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា(CCC) ​ប្រចាំ​ក្រុង​ប៉ារីស ​ប្រទេស​បារាំង។ ព្រំដែនរបស់​មណ្ឌលការិយាល័យ ​តំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ត្រូវកំណត់តាមព្រំដែននៅទីក្រុងប៉ារីស ប្រទេសបារាំង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា វត្ថុបំណងចម្បង​របស់​​ការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា គឺ​ការផ្សព្វផ្សាយពី​ច្បាប់វិនិយោគ គោលនយោបាយសេដ្ឋកិច្ច និងសក្តានុពលរបស់កម្ពុជា​ទៅ​កាន់​វិនិយោគិន​បរទេស​​ ដើម្បីទាក់ទាញពួក​គេ​ឱ្យ​ចូល​មក​បណ្តាក់​ទុនផ្ទាល់​នៅ​កម្ពុជាកាន់​តែ​ច្រើន​។

លោក​បានបញ្ជាក់ថា “​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​ ​មាន​តួនាទីយ៉ាង​សំខាន់​ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ទៅ​កាន់​វិនិយោគិន​បរទេស ព្រម​ទាំង​ជួយ​ពង្រីក​ទីផ្សារ​នាំ​ចេញទំនិញ​​​កម្ពុជា​​ទៅ​ទីផ្សារពិភពលោក​ផងដែរ”។​

លោកប្រាប់​ទៀត​ថា គិត​មក​ដល់​ពេល​នេះ សភាពាណិជ្ជកម្ម​កម្ពុជា(CCC) មាន​ការិយាល័យតំណាង​នៅ​ក្រៅ​ប្រទេស​ចំនួន ៨ ទីតាំង​រួចមក​ហើយ គឺ​នៅ​​​សហរដ្ឋអាមេរិក​មានចំនួន​១ ​ប្រទេស​កាណាដា២, អូស្ត្រាលី៣ ​នូវែលសេឡង់១ និងជប៉ុន១។

លោក​បាន​បញ្ជាក់​ថា ​តាម​រយៈ​ការិយាល័យ​តំណាង​នៅ​ក្រៅ​ប្រ​ទេ​ស គឺ​ពួក​គាត់​តែងតែនាំភ្ញៀវ និង​អ្នកវិនិយោគជា​ច្រើន​ឱ្យ​ចូល​​មក​បណ្តាក់​ទុន​ផ្ទាល់ ឬ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​​៕


ចែករំលែក