ដោយៈ ចំណាន
ភ្នំពេញៈ ការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅក្រៅប្រទេសថ្មីមួយទៀតនឹងលេចរូបរាងជាផ្លូវការ ក្នុងពេលឆាប់នេះៗ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំនៅក្រុងប៉ារីស ប្រទេសបារាំង។
ការិយាល័យតំណាងនៅទីក្រុងប៉ារីស នឹងក្លាយជាសាខាតំណាងទី៩ របស់សភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស។
យោងតាមអនុក្រឹតដែលផ្សព្វផ្សាយក្នុងថ្ងៃទី២៥ ខែកញ្ញា នេះឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រម ឱ្យបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា(CCC) ប្រចាំក្រុងប៉ារីស ប្រទេសបារាំង។ ព្រំដែនរបស់មណ្ឌលការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ត្រូវកំណត់តាមព្រំដែននៅទីក្រុងប៉ារីស ប្រទេសបារាំង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា វត្ថុបំណងចម្បងរបស់ការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា គឺការផ្សព្វផ្សាយពីច្បាប់វិនិយោគ គោលនយោបាយសេដ្ឋកិច្ច និងសក្តានុពលរបស់កម្ពុជាទៅកាន់វិនិយោគិនបរទេស ដើម្បីទាក់ទាញពួកគេឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន។
លោកបានបញ្ជាក់ថា “ការិយាល័យតំណាងសភាពាណិជ្ជកម្ម មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជាទៅកាន់វិនិយោគិនបរទេស ព្រមទាំងជួយពង្រីកទីផ្សារនាំចេញទំនិញកម្ពុជាទៅទីផ្សារពិភពលោកផងដែរ”។
លោកប្រាប់ទៀតថា គិតមកដល់ពេលនេះ សភាពាណិជ្ជកម្មកម្ពុជា(CCC) មានការិយាល័យតំណាងនៅក្រៅប្រទេសចំនួន ៨ ទីតាំងរួចមកហើយ គឺនៅសហរដ្ឋអាមេរិកមានចំនួន១ ប្រទេសកាណាដា២, អូស្ត្រាលី៣ នូវែលសេឡង់១ និងជប៉ុន១។
លោកបានបញ្ជាក់ថា តាមរយៈការិយាល័យតំណាងនៅក្រៅប្រទេស គឺពួកគាត់តែងតែនាំភ្ញៀវ និងអ្នកវិនិយោគជាច្រើនឱ្យចូលមកបណ្តាក់ទុនផ្ទាល់ ឬបញ្ជាទិញទំនិញពីកម្ពុជា៕







