កិត្តិនាម​ និង​សក្តានុពល​ទេសចរណ៍​កម្ពុជា​ជា​ចំណុច​ស្នូល​នៃ​ព្រឹត្តិការណ៍​ GX Summit 2026 ​នៅ​ខេត្តសៀមរាប​

ចែករំលែក

ដោយៈ ចំណាន

   សៀមរាបៈ កិត្តិនាម និងសក្តានុពលទេសចរណ៍កម្ពុជា ជាចំណុចស្នូលនៃព្រឹត្តិការណ៍ GX Summit 2026 នៅខេត្តសៀមរាប និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ រយៈពេលវែងរវាងកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ពិភពលោក G Adventures។

ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក GX Summit 2026 ដោយមានការអញ្ជើញចូលរួមពីលោក Bruce Poon Tip សហស្ថានិក G Adventures, លោកង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងមន្រ្តីពាក់ព័ន្ធ រួមជាមួយសមាជិកក្រុមហ៊ុន G Adventures ប្រតិភូ GX Summit 2026 អញ្ជើញពីគ្រប់ទ្វីបនៃពិភពលោក ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង ៧០០រូប។

ថ្លែងក្នុងឱកាសក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូអន្តរជាតិទាំងអស់ដែលបានធ្វើដំណើរមកពីជុំវិញពិភពលោក មកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់លោក Bruce Poon Tip និងក្រុមការងារ G Adventures ដែលបានជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះរៀបចំ GX Summit 2026។

ព្រឹត្តិការណ៍អន្តរជាតិនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ដោយបានរួមចំណែ​កលើកកម្ពស់កិត្តិនាម និងមុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិ បង្ហាញពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមពិតដែលមានសន្តិភាព ស្ថិរភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិប​ណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លោកហួត ហាក់បានបន្តថា “ព្រឹត្តការណ៍កម្រិតពិភពលោកនេះ បានបង្កើតនូវបរិយាកាសល្អ សម្រាប់វិស័យទេសចរណ៍ ការវិនិយោគ និងធុរកិច្ច ព្រមទាំងបានរួមចំណែកបង្កើតចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចជូនអាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន សហគមន៍ និងប្រជាពលរដ្ឋកម្ពុជា តាមរយៈការស្នាក់នៅ ការធ្វើដំណើរ ការប្រើប្រា​ស់សេវាកម្ម និងការចំណាយរបស់ប្រតិភូអន្តរជាតិ ពេញមួយព្រឹត្តិ​ការណ៍”។

ក្នុងឱកាសនេះដែរ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកបទពិសោធន៍ដ៏ល្អ អំពីសក្តានុពលទេសចរណ៍ ការស្នាក់នៅ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលលោក និងប្រតិភូទាំងអស់ បានទទួលពីប្រទេសកម្ពុជា ផ្ទាល់ទៅផ្សព្វផ្សាយជូនពិភពលោក ព្រមទាំងបានបញ្ជាក់ថា G Adventures នឹងបន្តនាំយកពិភពលោកមកកាន់កម្ពុជា តាមរយៈការពង្រីកការផ្សព្វផ្សាយ និងការនាំយកភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោក មកទស្សនាស្វែងយល់ពីសក្តានុពលទេសច​រណ៍ និងវប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការជួយសហគមន៍ផ្ទាល់ តាមរយៈទេសចរណ៍។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងនូវអនុសាសន៍សំខាន់ៗ ចំនួន ៣ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមាននិរន្តរភាព ភាពធន់ និងបរិយាបន្ន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងនិន្នាការអភិវឌ្ឍវិស័យទេសចរណ៍សកល រួមមាន៖
ទី១. លើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការស្តារឡើងវិញ តាមរយៈការគាំទ្រសហគមន៍ សិប្បកម្មប្រពៃណី ការវិនិយោគបៃតង និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។

ទី២. វិនិយោគលើភាពធន់ នវានុវត្តន៍ និងធនធានមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)ពង្រឹងជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងលើកកម្ពស់ឱកាស ប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋ។

ទី៣. ពង្រឹងភាពជាដៃគូរយៈពេលវែង ជាមួយក្រុមហ៊ុន G Adventures ប្រតិបត្តិករទេសចរណ៍អន្តរជាតិ វិនិយោគិន និងដៃគូអភិវឌ្ឍ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ទាក់ទាញការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រយៈពេលវែង។

លោកហួត ហាក់បានបញ្ជាក់ថា GX Summit 2026 នឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ការផ្លាស់ប្តូរគំនិត ការកសាងទំនុកចិត្ត និងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានការទទួលខុសត្រូវ ភាពធន់ និងនិរន្តរភាព ព្រមទាំងបានអញ្ជើញប្រតិភូអន្តរជាតិទាំងអស់ ឱ្យរួមចំណែកផ្សព្វផ្សាយរូបភាពពិតរបស់កម្ពុជា ទៅកាន់ពិភពលោក ក្នុងនាមជាប្រទេសមានសន្តិភាព ស្ថិរភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសម្បូរបែបដោយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ៕


ចែករំលែក