ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា ចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា តំណាងដោយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូត សាធារណរដ្ឋគុយបាប្រចាំកម្ពុជា នៅខេត្តសៀមរាប។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់ ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជាទៅដល់ទ្វីបអាមេរិកឡាទីន ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួម។
កម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦នេះ គឺមានរយៈពេល៦៦ឆ្នាំមកហើយ៕






