ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលារួមគ្នា ក្រោមប្រធានបទ “វិស័យសំណង់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ការ៖ ការធ្វើឱ្យប្រសើរឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដែលជាប់គាំង តាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ”។
សិក្ខាសាលានេះរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ដោយមានការចូលរួមពី លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាន ម.ជ.ម. និងសមាជិកក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម. លោក Shakheel Ahmed អនុប្រធានតំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) វាគ្មិនកិត្តិយសជាតំណាងក្រសួង-ស្ថាប័ននានា អ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី, មជ្ឈត្តករ តំណាងស្ថានទូត សភាពាណិជ្ជកម្ម គណៈវិស្វករកម្ពុជា និងក្រុមហ៊ុនមេធាវី។
សិក្ខាសាលានេះ មានគោលបំណងផ្តល់វេទិកា សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងវិស័យសំណង់ ដើម្បីរួមចំណែកជំរុញការដោះស្រាយវិវាទ ប្រកបដោយប្រសិទ្ធភាព និងការស្តារឡើងវិញនូវគម្រោង និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដែលជាប់គាំង៕







