ព្រឹត្តិការណ៍​ទេសចរណ៍​នា​រដូវ​កាលបៃតង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

ចែករំលែក

ដោយៈ ចំណាន

កំពតៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអំពាវនាវ មកទស្សនាកម្ពុជានារដូវកាលបៃតង មកស្គាល់សម្រស់ថ្មី មកភ្លក្សរសជាតិម្ហូបប្រចាំតំបន់ និងមកទទួលភាពកក់ក្តៅពីប្រជាជនយើង។ ទេសភាពអាចធ្វើឱ្យអ្នកចង់មក ប៉ុន្តែភាពកក់ក្តៅ និងអនុស្សាវរីយ៍ល្អៗ នឹងធ្វើឱ្យអ្នកចង់ត្រឡប់មកវិញ”។

លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរ ក្នុងរដូវកាលបៃតង”។

ព្រឹត្តិការណ៍ទេសចរណ៍ ក្នុង​រដូវកាលបៃតងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ សាមគ្គីភាព ចូលរួមអភិរក្ស​សម្បត្តិបេតិកភណ្ឌរូបិយ អរូបិយ សម្បត្តិធម្មជាតិ ស្របតាមទស្សនទា​ន “ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី” “ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” ជាពិសេស ការជំរុញចលនាទេស​ចរណ៍ក្នុងស្រុក និងការលើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់នូវភាពកក់ក្ដៅ បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ ស្វាគមន៍ការមកកម្សាន្តរបស់ទេសចរ មកពីគ្រប់ទិសទីទូទាំងសកលលោក។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក តាក​ ហាប់​ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្រ្តីពាក់ព័ន្ធ និងវិស័យឯកជនក្នុងវិស័យនេះ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរ​សើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ របស់ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្តកំពត លោកប្រធានក្រុមប្រឹក្សាខេត្តកំពត, ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពតគ្រប់ជំនាន់ ដែលបានបន្សល់ទុកនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដល់ថ្នាក់ដឹកនាំជំនាន់ក្រោ​យ ដើម្បីបន្តអភិវឌ្ឍខេត្តកំពត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ​​​។ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃរបស់ លោកបណ្ឌិតអភិបាលខេត្ត រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត គ្រប់ផ្នែក គ្រប់ថ្នាក់ បានចូលរួមពូនផ្តុំ និងបន្តបង្កើតសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទន​ ដែលធ្វើឱ្យខេត្តកំពត បានអភិវឌ្ឍមុខមាត់កាន់តែស្រស់ស្អាត កាន់តែប្លែកភ្នែក កាន់តែមានភាពទាក់ទាញ និងកាន់តែមានភាពល្បីល្បាញ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនថា ការបំប្លែងរដូវ​កា​ល​  “Green Season” មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវ សម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញដោយភាពស្រស់បំព្រង ពណ៌បៃតងខ្ចី គ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធ ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ លោកហួត ហាក់ ក៏បានគូសរំលេចបន្ថែមថា  “ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង” គឺជាផ្នែកមួយនៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជានារដូវកាលបៃតង។ តាមរយៈព្រឹត្តិការ​ណ៍នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនិងបានមើលឃើញថា រដូវកាលបៃតង គឺជារដូវកាលដ៏ស្រស់ស្អាតមួយ សម្រាប់ការធ្វើដំណើរកម្សាន្តនៅកម្ពុជា ដែលមានបទពិសោធន៍ទេសចរណ៍ថ្មីៗជាច្រើនកំពុងរង់ចាំការស្វែងយល់ និងការរុករក។

“ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង” ដំបូងនៅរាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះបានបន្តដំណើរ ទៅកាន់តំបន់បេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញ នៅខេត្តសៀមរាប បន្ទាប់មកបន្តទៅស្វែងយល់ពីសម្រស់ធម្មជាតិ និងសក្តានុពលអេកូទេសចរណ៍ដ៏សម្បូរបែប នៅភូមិភាគឦសាន និងបន្តមកកាន់តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា នៅខេត្តកំពត ដើម្បីបង្ហាញពីភាពស្រស់ស្អាត អត្តសញ្ញាណ និងបទពិសោធទេសចរណ៍ដ៏សម្បូរបែបនៅតាមតំបន់នីមួយៗ ដែលរួមគ្នាបង្កើតជាបទពិសោធដំណើរកម្សាន្តដ៏មានតម្លៃ និងគួរឱ្យចងចាំសម្រាប់ភ្ញៀវទេសចរ៕


ចែករំលែក