ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជា វៀតណាមបានរៀបចំពិព៌ណប្រចាំឆ្នាំរួមគ្នាក្នុងគោលដៅពង្រីកសក្តានុពលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ពិព័រណ៍នេះរៀបចំឡើងដោយក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក តាន់ ថាណា គឺជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកង្វៀន មិញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោកឧត្តមសេនីយ៍ឯក ង្វៀន ក្វាង ង៉ុក (NGUYEN Quang Ngoc) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកកឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងធុរជននៃប្រទេសកម្ពុជា និងវៀតណាមជាច្រើនរូបទៀត។
ពិព័រណ៍ VIDEX CAMBODIA 2026 បានប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ ពាណិជ្ជករ ប្រតិបត្តិករអាជីវកម្ម និងដៃគូសក្តានុពលមកពីកម្ពុជា និងវៀតណាម ដើម្បីបង្កើតឱកាសក្នុងការស្វែងយល់ពីផលិតផល ផ្លាស់ប្តូរព័ត៌មាន ជួបពិភាក្សាជាមួយដៃគូអាជីវកម្ម បង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕







