ក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

ចែករំលែក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្រុមហ៊ុន IM Capital Holding ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ដែល​ផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជា ជាពិសេសនៅតំបន់កោះ​រ៉ុង ខេត្តព្រះសីហនុ។ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការវិនិយោគ និងអភិវឌ្ឍ​អចលនទ្រព្យ ការអភិវឌ្ឍគម្រោងសណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងការគ្រប់គ្រង​ប្រតិបត្តិ​ការអាជីវកម្មបដិសណ្ឋារកិច្ច។

បច្ចុប្បន្ន IM Capital Holding កំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរនៅកោះរ៉ុង។ គម្រោង​ទីមួយ​ គឺសណ្ឋាគារ និងរីស៊ត អប្សរា (Apsara Resort) ដែលបានបើកដំណើរការថ្មីៗនេះ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។ គម្រោងដ៏ប្រណិតមួយទៀតគឺ សណ្ឋាគារ Port Yves Palace ដែលជាសណ្ឋាគារ និងអាផាតមិនលំដាប់ផ្កាយប្រាំដំបូង​គេបង្អស់នៅកោះរ៉ុង។ គម្រោង Port Yves Palace នេះត្រូវបានរំពឹងថានឹងបញ្ចប់ការ​សាង​សង់នៅឆ្នាំ ២០២៧។

Port Yves Palace គឺជាគម្រោងពហុមុខងារដែលរួមបញ្ចូលទាំងសណ្ឋាគារ អាផាតមិន ស្កាយបារ ស្ប៉ា ភោជនីយដ្ឋាន កន្លែង VIP និងមជ្ឈមណ្ឌលលក់ទំនិញផ្តាច់មុខនៅ​ជាប់មាត់​សមុទ្រ ដែលមានឆ្នេរខ្សាច់ឯកជនប្រវែង ៩០ម៉ែត្រ។ អតិថិជនដែលជាវយូនីតណា​មួយនឹង​ទទួលបានប្លង់រឹងជាកម្មសិទ្ធិផ្ទាល់ភ្លាមៗ ដែលជារឿងកម្រមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តម្លៃអចលនទ្រព្យនៃគម្រោងនេះ ត្រូវបានរំពឹងថានឹងកើនឡើង ១២ភាគរយប្រចាំឆ្នាំ។

ក្រៅពីវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ច IM Capital Holding ក៏ប្តេជ្ញាចិត្តជួយ​ជ្រោម​ជ្រែងដល់សង្គម ដោយលោកស្រី Iwona Kmiecik បានដឹកនាំក្រុមហ៊ុន​ផ្តួចផ្តើម​គំនិតសប្បុរសធម៌ជាច្រើន ដើម្បីលើកកម្ពស់សហគមន៍កម្ពុជា ដូចជាការបង្កើតសាលា​បង្រៀនភាសា កម្មវិធីកីឡាសម្រាប់យុវជន និងការផ្សព្វផ្សាយអប់រំសម្រាប់កុមារ​ដែលមាន​ជីវភាពខ្វះខាត។

លោកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter PATACC) ដែលបានទទួលពានរង្វាន់ Intelligent Development Leader នៅប្រទេសប៉ូឡូញ៕


ចែករំលែក