ទីផ្សារលំនៅឋាន​នៅ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​យ៉ាងខ្លាំង ​ខណៈអត្រាការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​កើន​ឡើង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋាននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយសារអត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើងយ៉ាងគំហុក។

ការលក់ផ្ទះបានធ្លាក់ចុះ៧,៣ភាគរយបើធៀបនឹងខែសីហា និង១១,៣ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អត្រាការប្រាក់ជាមធ្យមលើប្រាក់កម្ចីទិញផ្ទះដែលមានអត្រាថេររយៈពេល ៣០ ឆ្នាំ បានកើនឡើងពីប្រហែល ៦,៨% នៅដើមខែកញ្ញា ដល់ ៧,៦% នៅចុងខែកញ្ញា ដែលធ្វើឱ្យការទិញផ្ទះកាន់តែមានភាពលំបាកផ្នែកហិរញ្ញវត្ថុ។

ការលក់លំនៅឋានបានធ្លាក់ចុះនៅទូទាំងប្រទេស ជាពិសេសការលក់លំនៅឋាននៅតំបន់ភាគខាងត្បូងនៃសហរដ្ឋអាមេរិកបានធ្លាក់ចុះ៨,២ភាគរយ និងការលក់លំនៅឋាននៅតំបន់ភាគខាងលិចបានធ្លាក់ចុះ៩,២ភាគរយ។

ទន្ទឹមនឹងនេះ ការចាប់ផ្តើមសាងសង់លំនៅឋានថ្មីបានធ្លាក់ចុះ ៤,៥៦% មកនៅត្រឹមចំនួន ៨៥៩.០០០ យូនីត ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ខណៈចំនួនលិខិតអនុញ្ញាតសាងសង់បានថយចុះ ៤% ដែលបង្ហាញថាសកម្មភាពសាងសង់នៅពេលអនាគតនឹងបន្តថមថយចុះ។

ទីផ្សារលំនៅឋាននៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងនៅតែបន្តធ្លាក់ចុះរហូតដល់ឆ្នាំ ២០២៧។ ក្រុមហ៊ុនសាងសង់លំនៅឋានជាច្រើនកំពុងបញ្ចុះតម្លៃ និងផ្តល់ជូននូវការលើកទឹកចិត្តផ្សេងៗដើម្បីទាក់ទាញអ្នកទិញ ដែលកត្តានេះបានដាក់សម្ពាធទៅលើប្រាក់ចំណេញរបស់ពួកគេ។

ទំនុកចិត្តរបស់អ្នកអភិវឌ្ឍន៍បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៤ឆ្នាំនៅក្នុងខែតុលា ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីការធ្លាក់ចុះនៃការលក់ ការចាប់អារម្មណ៍របស់អ្នកទិញ និងការកើនឡើងនៃថ្លៃដើមសាងសង់។

ការកើនឡើងនៃអត្រាការប្រាក់កម្ចីទិញផ្ទះ ការលំបាកផ្នែកហិរញ្ញវត្ថុក្នុងការទិញផ្ទះ និងការធ្លាក់ចុះនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់ នៅតែបន្តធ្វើឱ្យអ្នកទិញស្ទាក់ស្ទើរ។

ជាលទ្ធផល សកម្មភាពសាងសង់លំនៅឋាន
ត្រូវបានគេរំពឹងថា នឹងនៅតែមានសភាពស្ងប់ស្ងាត់ ដែលអាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ៕

 


ចែករំលែក