តើ​ខេត្តសៀមរាប​មាន​ឱកាស​វិនិយោគ​អចលនទ្រព្យ​បន្ត​ក្នុង​ទម្រង់​បែប​ណា​?​

ចែករំលែក

ដោយៈ ម៉ាណា

   សៀមរាបៈ ការពិត ខេត្តសៀមរាបនៅតែអាចផ្តល់ឱកាសវិនិយោគលើអចលនទ្រព្យបាន ប៉ុន្តែអ្នកវិនិយោគមិនគួរពឹងផ្អែកតែលើការងើបឡើងវិញនៃវិស័យទេសចរណ៍អន្តរជាតិនោះទេ។

ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ អ្នកវិភាគចង្អុលបង្ហាញពីការផ្តល់អាទិភាពលើអចលនទ្រព្យ ដែលអាចបង្កើតចំណូលពីប្រជាជនក្នុងតំបន់ អាជីវកម្មក្នុងស្រុក កម្មករ និងសេវាកម្មចាំបាច់នានា ដោយចាត់ទុកវិស័យទេសចរណ៍ គ្រាន់តែជាកត្តាបន្ថែម ដែលអាចផ្តល់ផលចំណេញប៉ុណ្ណោះ។

សំណួរគន្លឹះមិនមែនគ្រាន់តែថា តើខេត្តសៀមរាបនឹងទាក់ទាញភ្ញៀវទេសចរបានច្រើនជាងមុន ឬអត់នោះទេ ប៉ុន្តែគួរសួរតើអ្នកណានឹងជួលអចលនទ្រព្យរបស់អ្នក ហើយបង់ថ្លៃជួលឱ្យអ្នកជារៀងរាល់ខែ ប្រសិនបើវិស័យទេសចរណ៍ នៅតែបន្តខ្សោយរយៈពេល ២ ឬ ៣ ឆ្នាំទៀត?។

១. តើគួរវិនិយោគលើអចលនទ្រព្យប្រភេទណាខ្លះ?

អចលនទ្រព្យផ្ទះអាជីវកម្ម (Shophouses) និងផ្ទះសម្រាប់ជួលដែលមានតម្លៃសមរម្យ សម្រាប់គោលដៅគ្រួសារក្នុងស្រុក អាជីវកម្មខ្នាតតូច បុគ្គលិក និងអ្នកស្នាក់នៅរយៈពេលវែង។

អ្នកអភិវឌ្ឍន៍ គួរស្វែងរកទីតាំងដែលមានភាពជាក់ស្តែង ដោយមានប្រជាជនរស់នៅស្រាប់ មានផ្សារ សាលារៀន គ្លីនិក និងផ្លូវធ្វើដំណើរ។ ផ្ទះសម្រាប់ជួលដែលមានលក្ខណៈសាមញ្ញ ឬសមរម្យ អាចមានភាពធន់ជាងវីឡាថ្លៃៗ ឬខុនដូប្រណិត។

យុទ្ធសាស្ត្រវិនិយោគ អ្នកអភិវឌ្ឍន៍ គួរទិញលុះត្រាតែចំណូលពីការជួលអាចគ្របដណ្តប់លើតម្លៃទិញ និងថ្លៃចំណាយលើការថែទាំ។


២. ឃ្លាំងខ្នាតតូច និងទីតាំងស្តុកទំនិញសម្រាប់អាជីវកម្ម

គោលដៅអភិវឌ្ឈន៍បែបនេះ គួរផ្តោតលើអ្នកលក់ដុំ និងលក់រាយក្នុងស្រុក អ្នកចែកចាយអាហារ អ្នកផ្គត់ផ្គង់សម្ភារសំណង់ និងអាជីវកម្មដឹកជញ្ជូន។

អ្នកជំនាញបានផ្តល់យោបល់ឲ្យសិក្សា ពីតម្រូវការទីតាំងសម្រាប់ស្តុក និងចែកចាយទំនិញ នៅតាមបណ្តោយផ្លូវសំខាន់ៗដែលតភ្ជាប់តំបន់លំនៅឋាន ផ្សារ និងតំបន់ពាណិជ្ជកម្ម។

យុទ្ធសាស្ត្រវិនិយោគ គឺត្រូវស្វែងរកអ្នកជួល ឬមានភស្តុតាងបញ្ជាក់ពីតម្រូវការជាក់ស្តែងជាមុនសិន មុននឹងចាប់ផ្តើមសាងសង់។ កុំសន្មតថាមានតម្រូវការ សម្រាប់វិស័យឧស្សាហកម្ម ឬអាជីវកម្មគ្រាន់តែដោយសារដីមានតម្លៃថោក។

៣. ទីតាំងអាជីវកម្មខ្នាតតូច

ការវិនិយោគបែបនេះត្រូវផ្តោតលើគោលដៅ៖ ហាងលក់ទំនិញទូទៅ ឱសថស្ថាន ហាងកាត់សក់/សម្អាង ហាងជួសជុល ហាងកាហ្វេសម្រាប់អ្នករស់នៅក្នុងតំបន់ និងសេវាកម្មចាំបាច់ផ្សេងៗទៀត។

តំបន់លំនៅឋានដែលមានស្រាប់ អាចមានភាពទាក់ទាញជាងផ្លូវដែលពឹងផ្អែកលើភ្ញៀវទេសចរ ប្រសិនបើប្រជាជនក្នុងតំបន់មានកម្លាំងទិញគ្រប់គ្រាន់។

យុទ្ធសាស្ត្រវិនិយោគ៖ គួរជ្រើសរើសទីតាំងតូចៗ ដែលអាចបែងចែកបាន និងមានថ្លៃជួលសមរម្យ ជាជាងអគារពាណិជ្ជកម្មធំៗដែលទាមទារឱ្យមានអ្នកជួលច្រើនទើបអាចដំណើរការទៅបាន។

៤. ផ្ទះសំណាក់ និងសណ្ឋាគារខ្នាតតូចដែលមានស្រាប់

ការវិនិយោគបែបនេះគួរផ្តោតលើគោលដៅ នៃការងើបឡើងវិញនៃវិស័យទេសចរណ៍នាពេលអនាគត ភ្ញៀវទេសចរដែលធ្វើដំណើរដោយខ្លួនឯង និងផ្តោតលើការវិនិយោគលើឱកាសវិនិយោគបែប ជ្រើសរើស (Selective Land Banking) ហើយផ្តោតលើគោលដៅការកើនឡើងនៃតម្លៃទ្រព្យ ក្នុងរយៈពេលកាន់កាប់ពី៥ ទៅ៧ឆ្នាំ។

គួរពិចារណាលើដី ដែលស្ថិតនៅជិតតំបន់អភិវឌ្ឍន៍ទីក្រុង ដែលមានស្រាប់ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសេវាសាធារណៈ (ដូចជាទឹក ភ្លើង) ព្រមទាំងមានតម្រូវការជាក់ស្តែង សម្រាប់ការសាងសង់លំនៅឋាន ឬទីតាំងពាណិជ្ជកម្ម។

យុទ្ធសាស្ត្រវិនិយោគ គួរផ្តល់អាទិភាពលើដី ដែលមានឯកសារផ្លូវច្បាប់ត្រឹមត្រូវ អាចចូលទៅដល់បានងាយស្រួល និងមានទីផ្សារជាក់ស្តែងសម្រាប់ការលក់ចេញវិញ។ ដីដែលមានតម្លៃថោក ប៉ុន្តែស្ថិតនៅឆ្ងាយពីតំបន់ដែលមានតម្រូវការ អាចនឹងពិបាកលក់ចេញ (មិនអាចប្តូរជាសាច់ប្រាក់បាន) ក្នុងរយៈពេលជាច្រើនឆ្នាំ៕


ចែករំលែក