ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រសិនជាលោក អ្នកមានលំហូរសាច់ប្រាក់ល្អ ហើយនៅតែមានចំណាប់អារម្មណ៍លើដីធ្លី ការវិនិយោគដីបែបLand Banking នៅតែជាជម្រើសល្អមួយសម្រាប់អនាគត។
ការទិញដីទុក (Land Banking)នៅតំបន់ជាយក្រុងដោយអ្នកវិនិយោគត្រូវជ្រើសរើសយ៉ាងយកចិត្តទុកដាក់។
អ្នកជំនាញបានលើកឡើងថា ការវិនិយោគដីបែបនេះ គួរផ្តោតលើទីតាំងដែលគួរពិចារណា រួមនានតំបន់នៅខាងក្រៅរាជធានីភ្នំពេញ (Greater Phnom Penh) រួមទាំងផ្នែកខ្លះនៃខណ្ឌកំបូល និងស្រុកកណ្តាលស្ទឹង ដែលត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់។
ផ្អែកលើបទពិសោធន៍រកស៊ីផ្នែកដីធ្លី លោកយិន លាងគង់ អ្នកវិភាគអចលនទ្រព្យឯករាជ្យបានផ្តល់យោបល់ថា “អ្នកមានលទ្ធភាព គួរទិញក្នុងតម្លៃដែលសមស្រប ទៅនឹងតម្លៃលក់ដីផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នានៅក្នុងពេលបច្ចុប្បន្ន”។
លោកបន្ថែមថា អ្នកវិនិយោគ ត្រូវស្វែងរកដីដែលមានផ្លូវចូលស្របច្បាប់ មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ មានហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង ។ល។) និងមានតម្រូវការជាក់ស្តែងនាពេលអនាគត។ ត្រូវត្រៀមចិត្តទុកជាមុនថា អ្នកនឹងមិនទទួលបានចំណូលពីការជួលដីនោះទេ។
លោកយិន លាងគង់បានបន្តថា រយៈពេលវិនិយោគគួរផ្តោតលើចន្លោះពី៥ ទៅ៨ឆ្នាំ ចំណុចទាំងនេះគ្រាន់តែជាការសន្មត់ សម្រាប់ការវិនិយោគប៉ុណ្ណោះ មិនមែនជាការធានាថាថ្លៃដីនឹងកើនឡើងនោះទេ។
ទីតាំងដីជាក់លាក់ តម្លៃទិញ ប័ណ្ណកម្មសិទ្ធិ និងសកម្មភាពសេដ្ឋកិច្ចនៅជុំវិញតំបន់នោះ គឺជារឿងសំខាន់ជាងឈ្មោះខណ្ឌ ឬស្រុកទៅទៀត។
តើទស្សនវិស័យទីផ្សារសម្រាប់ឆ្នាំ ២០២៧ មានន័យដូចម្តេច?
ទិន្នន័យចុងក្រោយបង្ហាញថា “គួរមានការប្រុងប្រយ័ត្ន”។
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកម្រិត៤% នៅឆ្នាំ២០២៧ បន្ទាប់ពីកំណើនយឺតជាងមុននៅឆ្នាំ២០២៦ ដោយចាត់ទុកភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យថាជាហានិភ័យមួយ៕







