ក្រសួងទេសចរណ៍​ទទួល​ស្គាល់​បញ្ហា​ប្រឈម ​បន្ត​បើក​ចំហ​ស្តាប់​មតិយោបល់ ​និង​ជំរុញ​ការ​អនុវត្ត​ដំណោះ​ស្រាយ​ជាក់​ស្តែង​

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ ក្នុងរយៈពេលថ្មីៗនេះ មានការលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយតាមបណ្តាញសង្គម អំពីស្ថានភាពវិស័យទេសចរណ៍កម្ពុជា ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។

ក្រសួងទេសចរណ៍ទទួលស្គាល់ អំពីការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជា ការលំបាកដែលប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋ ដែលពឹងផ្អែកលើវិស័យនេះបាន និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីអន្តរាគមន៍ គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងនោះរួមមានកម្មវិធីជំរុញការស្ដារឡើងវិញ វិស័យទេស​ចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួន។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍និងមហាគ្រួសារវិស័យ​ទេស​ចរណ៍ទាំងមូល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រគន្លឹះទាំង៦ និងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង ដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍​តែងតែប្រកាន់ខ្ជាប់ នូវគោលការ​ណ៍ផ្ដល់កិច្ចសហការល្អ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងគោលដៅរួម ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។​

ជាមួយគ្នានេះដែរ ក្រសួងនឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពវិស័យទេសចរណ៍ វិធានការដែលបានអនុវត្ត និងលទ្ធផលការងារដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីឱ្យសាធារណជនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ។

ក្រសួងទេសចរណ៍បន្តបើកចំហ ទទួលយកមតិយោបល់ និងសំណូមពរពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាព័ត៌មាន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។

ក្រសួងចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែង គឺជាធាតុចូលដ៏មានតម្លៃ និង ជាឱកាសសម្រាប់រួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្មារតី “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!”៕


ចែករំលែក