ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យកម្រិត A នៅទីក្រុងហុងកុងនៃប្រទេសចិនកំពុងងើបឡើងវិញ ដែលជំរុញឱ្យម្ចាស់អចលនទ្រព្យមួយចំនួននៅក្នុងទីតាំងសំខាន់ៗ ដាក់លក់ការិយាល័យរបស់ពួកគេ។
តម្រូវការការិយាល័យកម្រិត A កំពុងកើនឡើង ដោយសារអគារទាំងនេះអាចផ្តល់នូវប្រាក់ចំណូលពីការជួលប្រកបដោយស្ថិរភាព ពីធនាគារធំៗ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។
ម្ចាស់អគារមួយចំនួនកំពុងសម្រេចចិត្តលក់ចេញនៅពេលនេះ ទោះបីជាត្រូវលក់ក្នុងតម្លៃទាបជាងមុនយ៉ាងណាក្តី ខណៈដែលអ្នកទិញនៅតែមានចំណាប់អារម្មណ៍។
តួយ៉ាង ការិយាល័យមួយនៅអគារ Far East Finance Centre ក្នុងតំបន់ Admiralty ត្រូវបានដាក់លក់ក្នុងតម្លៃ ៤៥ លានដុល្លារហុងកុង (១៨.៣៧៥ ដុល្លារហុងកុងក្នុងមួយហ្វីតការ៉េ)។ ទន្ទឹមនឹងនេះ ការិយាល័យនៅជាន់ខាងលើបំផុតនៃអគារ The Center ក្នុងតំបន់ Central ត្រូវបានដាក់លក់ក្នុងតម្លៃ ៤០០ លានដុល្លារហុងកុង។
ម្ចាស់ការិយាល័យទាំងនេះបានទិញក្នុងតម្លៃ ៧៣៨ លានដុល្លារហុងកុងកាលពីឆ្នាំ ២០១៧ ដែលមានន័យថា តម្លៃដែលដាក់លក់នេះមានកម្រិតទាបជាងតម្លៃទិញដើមប្រហែល៤៦ភាគរយ។
តម្លៃការិយាល័យកម្រិត A បានដាំក្បាលចុះចន្លោះពី ៦០% ទៅ ៧០% បើធៀបនឹងកម្រិតខ្ពស់បំផុត។ ទោះជាយ៉ាងណា ទីផ្សារកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។
យោងតាមក្រុមហ៊ុន JLL អត្រាការិយាល័យទំនេរកម្រិត A បានធ្លាក់ចុះជាលើកទី ៥ ជាប់ៗគ្នា មកនៅត្រឹម ១២,៤% នៅដំណាច់ខែកញ្ញា ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ មក៕







