តើ​បុគ្គល​ក្រុមណា​ជា​អ្នក​ទិញ​អចលនទ្រព្យ​បច្ចុប្បន្ន​នេះ​?​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ មនុស្សជាច្រើនបាននិងកំពុងពិចារណា ប្រសិនជាពួកគេមានលុយ ខណៈមនុស្សមួយក្រុមទៀត កំពុងប្រមូលទិញអចលនទ្រព្យ ដែលមានតម្លៃល្អ និងអាចបង្កើតចំណូលបាន។

ស្របពេលទីផ្សារបន្តមានភាពតានតឹង អ្នកទិញភាគច្រើនបាននិងកំពុងផ្តោតលើសក្តានុពលទីតាំង ឱកាសបង្កើតអាជីវកម្ម បង្កើតប្រភព ចំណូល ជាជាងទិញដើ​ម្បីបង្កើតផលចំណេញ។

ផ្ទុយពីការលើកឡើងនេះ អ្នកឧកញ៉ាសំ សុខនឿនប្រធានសម្ព័ន្ធក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានលើកឡើងថា អ្នកវិ​និយោគនាពេលនេះ គួរតែពិនិត្យលើប្រភពចំណូល ការរក្សាទុកសម្រាប់គ្រួសារ និងការធានាលំហូរទុនរឹងមាំរយៈពេលវែង ជាជាងទិញក្នុងការប្រថុយប្រថាន ព្រោះបើទិញអចលនទ្រព្យ ដើម្បីរកផលចំណេញត្រូវរង់ចាំរយៈពេល៥ទៅ៧ឆ្នាំ។

លោកបន្តថា “មូលហេតុដែលខ្ញុំបន្តទិញដីជាយក្រុង ដោយសារ​ ទីផ្សារមានឱកាសចំណេញខ្ពស់នាពេលអនាគត ព្រោះដីជាយក្រុងមានតម្លៃទាប បើធៀបនឹងតំបន់ក្នុងទីក្រុង ដែលមានតម្លៃខ្ពស់រួចទៅហើយ”។ លោកបន្ថែមថា “លើសពីនេះ ការទិញដីជាយក្រុងក៏ធ្វើឡើង ដើម្បីគោលបំណងសហការឬលក់ឲ្យក្រុមហ៊ុនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជានាពេលអនាគត”។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានលើកឡើងថា ទីផ្សារនៅតែដំណើរការ ប៉ុន្តែវាជាការទិញ លក់អចលនទ្រព្យដែលមានទីតាំងល្អ និងតម្លៃល្អ ពិសេសអាចបង្កើតប្រភពចំណូលបាន។

លោកស្រីបន្តថា “អ្នកវិ​និយោគបានទិញដី សម្រាប់សាងសង់ឃ្លាំង រោងចក្រ សាលារៀន ផ្សារជាដើម គឺពួកគេទិញមានគោលបំណងច្បាស់លាស់”។

តាមការសិក្សាបានបង្ហាញថា តំបន់ដែលមានការចាប់អារម្មណ៍ច្រើន ជាងគេចន្លោះឆ្នាំ២០២៧ ២០៣០ មាននៅទីតាំងមួយចំនួនដូចជា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ខ័ណ្ឌកំបូល ក្រុងតាខ្មៅ និងខ័ណ្ឌច្បារអំពៅជាដើម៕


ចែករំលែក