បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ​នៅ​ទូទាំង​ទ្វីបអាស៊ី​ កំពុង​ងាក​ទៅ​រក​យុទ្ធសាស្ត្រ​បង្វិល​ដើម​ទុន​ ដើម្បី​វិនិយោគ​បន្ត​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗនៅទូទាំងទ្វីបអាស៊ី កំពុងបង្កើនការលក់អចលនទ្រព្យដែលសាងសង់រួចរាល់ ដើម្បីស្វែងរកទុនសម្រាប់វិនិយោគលើគម្រោងថ្មីៗ កាត់បន្ថយបំណុល និងពង្រីកអាជីវកម្មគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួន។

យុទ្ធសាស្ត្រនេះ ដែលត្រូវបានគេស្គាល់ថាជា «ការបង្វិលដើមទុន» (capital recycling) អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍លក់ទ្រព្យសកម្មដែលបានអភិវឌ្ឍរួចរាល់ ហើយយកប្រាក់នោះទៅវិនិយោគបន្តក្នុងគម្រោងនានាដែលមានសក្តានុពលទទួលបានផលចំណេញខ្ពស់ជាង។

ក្រុមហ៊ុនមួយចំនួនក៏លក់អចលនទ្រព្យទៅឱ្យក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ (REITs) ឬមូលនិធិឯកជននានាផងដែរ ខណៈដែលពួកគេនៅតែបន្តគ្រប់គ្រងអចលនទ្រព្យទាំងនោះ និងទទួលបានកម្រៃសេវាជាប្រចាំ។

Hongkong Land ជាឧទាហរណ៍ដ៏លេចធ្លោមួយ។ នៅខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុននេះបានប្រកាសផែនការលក់ទ្រព្យសកម្មដែលមានតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន Hongkong Land បានប្រមូលកៀរគរទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក ដោយសម្រេចបាន ៩៣% នៃគោលដៅរយៈពេលខ្លីរបស់ខ្លួន។ ក្រុមហ៊ុនគ្រោងនឹងវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ៨០% នៃចំណូលដែលទទួលបាននោះ ទៅក្នុងឱកាសថ្មីៗសម្រាប់ជំរុញកំណើនអាជីវកម្ម និងប្រើប្រាស់ចំណែក ២០% ទៀតសម្រាប់ការទិញភាគហ៊ុនត្រឡប់មកវិញ។

លើសពីនេះ ក្រុមហ៊ុនក៏កំពុងផ្លាស់ប្តូរទិសដៅពីការអភិវឌ្ឍលំនៅឋាន ទៅផ្តោតលើអចលនទ្រព្យពាណិជ្ជកម្មកម្រិតខ្ពស់ និងការគ្រប់គ្រងការវិនិយោគវិញ។

ជាទូទៅ បណ្តាអ្នកអភិវឌ្ឍអចលនទ្រព្យតំបន់នៅអាស៊ីកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ពីការបង្កើនចំនួនអចលនទ្រព្យដែលខ្លួនកាន់កាប់ ទៅជាការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយប្រសិទ្ធភាពជាងមុន ដើម្បីបង្កើតផលចំណេញឱ្យកាន់តែខ្ពស់។

តាមរយៈការលក់អចលនទ្រព្យដែលបានអភិវឌ្ឍរួចរាល់ ហើយយកប្រាក់ដែលទទួលបាននោះទៅវិនិយោគបន្ត ពួកគេអាចពង្រឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ថ្មីៗ និងបង្កើតប្រភពចំណូលទៀងទាត់ដែលមានស្ថិរភាពជាងមុន៕


ចែករំលែក