ដោយៈ គង់ សូរិយា
ភ្នំពេញៈ ភាពមិនប្រាកដប្រជានៃទីផ្សារ ការជាប់គាំងលំហូរFDI អាចនឹងធ្វើឲ្យទីផ្សារនិងតម្លៃដីធ្លី បន្តស្ថិតក្នុងស្ថានភាពលំបាកបន្តទៀតសម្រាប់ឆ្នាំ២០២៧ខាងមុខ។
តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យតម្លៃដីធ្លីអាចធ្លាក់ចុះបន្ថែមទៀត?
អ្នកវិភាគ និងតាមដានទីផ្សារបានលើកយកហេតុផលចំនួន៤ មកបង្ហាញ ដែលមានដូចជា ទី១ ធនាគារមានការប្រុងប្រយ័ត្នចំពោះការផ្តល់ប្រាក់កម្ចីឬបន្តរឹតបន្តឹងឥណទានបន្តទៀត ស្របពេលកំណើននៃការសងប្រាក់យឺត ឬមិនអាចសងប្រាក់បានកើនដល់ ប្រមាណ១២ភាគរយនៅឆ្នាំ២០២៧។
ការវាយតម្លៃរបស់IMF ក្នុងខែកញ្ញា ឆ្នាំ២០២៦ បានកំណត់អត្តសញ្ញាណឥណទានឯកជនខ្សោយ សម្ពាធគុណភាពទ្រព្យសកម្មកើនឡើង និងភាពទន់ខ្សោយជាបន្តបន្ទាប់នៃអចលនទ្រព្យ។
ស្ថាប័ននេះ ក៏បានព្យាករណ៍ពីកំណើនផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជាចំនួន៣% ក្នុងឆ្នាំ២០២៦ និង៤% ក្នុងឆ្នាំ២០២៧។
ទី២ អ្នកអភិវឌ្ឍន៍ត្រូវការលំហូរសាច់ប្រាក់ ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍មួយចំនួនអាចត្រូវលក់ដី ឬគម្រោងដែលមិនទាន់បានបញ្ចប់ ដើម្បីសងបំណុល។ នេះអាចបង្កើតឱកាសសម្រាប់អ្នកទិញសាច់ប្រាក់ ដើម្បីចរចាតម្លៃទាបជាងតម្លៃស្នើសុំពីមុន។
ទី៣. ការផ្គត់ផ្គង់អចលនទ្រព្យ ដែលមានស្រាប់ច្រើនពេក ដោយនៅរាជធានីភ្នំពេញមានការវិនិយោគលើខុនដូ និងអចលនទ្រព្យដែលមានដីធ្លីយ៉ាងច្រើន។
ទី៤ បញ្ហាកត្តាខាងក្រៅ គឺសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្រ្តនយោបាយ និងបញ្ហាផ្ទៃក្នុងកម្ពុជាជាមួយប្រទេសថៃ នឹងបន្តអូសបន្លាយ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចឍ សង្គម រួមទាំងបញ្ហាScam Online ដែលបានជះឥទ្ធិពលមិនល្អដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជាជារួមផងដែរ៕







