ព្រឹត្តិការណ៍ ​«ពន្លឺរាត្រីអង្គរ»​ នឹង​រៀប​ចំរយៈ​ពេល​៣ថ្ងៃ​នៅ​ខេត្ត​សៀមរាប ​ដោយ​បើក​ឲ្យ​សាធារណ​ជន​ចូល​រួម​ទស្សនា​ដោយ​សេរី

ចែករំលែក

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុន JTI Cambodia និងក្រុមការងារពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» (Angkor Glowing Night) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ នៅតំបន់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងខ្លោងទ្វារទន្លេអុំ ខេត្តសៀមរាប ដោយបើកឱ្យសាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាដោយសេរី។

យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការទស្សនាប្រាសាទនាពេលរាត្រី និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ពេលរាត្រី តាមរយៈការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណខ្មែរ និងសិល្បៈពន្លឺ ដើម្បីបង្កើតជាទស្សនីយភាពដ៏ទាក់ទាញ និងបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌របស់កម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

តាមរយៈព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ថ្មីនៃការទស្សនាប្រាសាទបុរាណក្នុងបរិយាកាសពេលរាត្រី និងពេលទៀបភ្លឺ ដែលមានភាពខុសប្លែកពីការទស្សនានាពេលថ្ងៃ ព្រមទាំងអាចគយគន់សម្រស់ស្ថាបត្យកម្មប្រាសាទក្រោមការបំភ្លឺដោយពន្លឺសិល្បៈ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» ក៏មានគោលដៅលើកកម្ពស់កិត្យានុភាពជាតិ និងម៉ាកយីហោទេសចរណ៍កម្ពុជា បង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ ក៏ដូចជាជំរុញឱ្យភ្ញៀវទេសចរបង្កើនរយៈពេលស្នាក់នៅ និងការចំណាយ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងជាតិ ស្របតាមទស្សនទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស»។

សម្រាប់ទីតាំង និងពេលវេលានៃការរៀបចំព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ រួមមាន៖

១៖ ប្រាសាទអង្គរវត្ត

*ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦៖ ចាប់ពីម៉ោង១៨៖០០នាទី ដល់ម៉ោង២៤៖០០នាទី។
*ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ចាប់ពីម៉ោង០៣៖០០នាទី ដល់ម៉ោង០៦៖០០នាទីព្រឹក និងចាប់ពីម៉ោង១៨៖០០នាទី ដល់ម៉ោង២៤៖០០នាទី។
*ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦៖ ចាប់ពីម៉ោង១៨៖០០នាទី ដល់ម៉ោង២៤៖០០នាទី។

២៖ ប្រាសាទបាយ័ន

*ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ចាប់ពីម៉ោង០៣៖០០នាទី ដល់ម៉ោង០៦៖០០នាទីព្រឹក និងចាប់ពីម៉ោង១៨៖០០នាទី ដល់ម៉ោង២៤៖០០នាទី។

៣៖ ខ្លោងទ្វារទន្លេអុំ

*ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ចាប់ពីម៉ោង០៣៖០០នាទី ដល់ម៉ោង០៦៖០០នាទីព្រឹក និងចាប់ពីម៉ោង១៨៖០០នាទី ដល់ម៉ោង២៤៖០០នាទី។

ក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំ សូមអញ្ជើញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» ដើម្បីទទួលយកបទពិសោធន៍ទេសចរណ៍ថ្មី និងចូលរួមលើកស្ទួយសម្បត្តិវប្បធម៌ និងវិស័យទេសចរណ៍កម្ពុជា។ ការចូលរួមទស្សនាគឺដោយសេរី៕


ចែករំលែក