ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងហុងកុងបានវ៉ាដាច់ទីក្រុងឌូបៃ ក្លាយជាទីផ្សារលក់លំនៅឋានប្រណីតកម្រិតខ្ពស់បំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណា ភាពលេចធ្លោនេះអាចនឹងមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារសន្ទុះទីផ្សារក្នុងស្រុកចាប់ផ្តើមបង្ហាញសញ្ញានៃការថមថយ ហើយការរឹតត្បិតលើលំហូរទុនពីចិនដីគោក អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការរហូតដល់ឆ្នាំ ២០២៧។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ទីក្រុងហុងកុងបានកត់ត្រានូវការលក់លំនៅឋានចំនួន ៧៨យូនីត ដែលមានតម្លៃចាប់ពី ១០ លានដុល្លារអាមេរិកឡើងទៅ ក្នុងអំឡុងត្រីមាសទី ៣ នៃឆ្នាំនេះ ដោយមានតម្លៃសរុបរួមចំនួន ១,៥៨ ពាន់លានដុល្លារអាមេរិក។
ចំនួននេះបានវ៉ាដាច់ចំនួនទឹកប្រាក់សរុប ១,៥៧ ពាន់លានដុល្លារអាមេរិករបស់ទីក្រុងឌូបៃ ដែលបានមកពីកិច្ចព្រមព្រៀងចំនួន ៨៦ ក្នុងកម្រិតមួយប្រផិតប្រផើយ បន្ទាប់ពីរដ្ឋនៅតំបន់ឈូងសមុទ្រមួយនេះបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនប្រតិបត្តិការ ក្នុងអំឡុងពេលដែលមានសង្គ្រាមរវាងអាមេរិក និងប្រទេសអ៊ីរ៉ង់។
ប៉ុន្តែចំណាត់ថ្នាក់ទូទៅនេះ បានបិទបាំងការពិតដែលថា ទីផ្សារបានថមថយសន្ទុះ បើធៀបនឹងឆមាសទីមួយនៃឆ្នាំនេះ ដែលកាលនោះសកម្មភាពទិញយ៉ាងសកម្មបានជួយជំរុញឱ្យមានការងើបឡើងវិញជាទូទៅ នៅក្នុងទីផ្សារលំនៅឋានប្រណិតនៅហុងកុង។

លោក Eddie Kwok នាយកប្រតិបត្តិផ្នែកសេវាកម្មវាយតម្លៃ និងផ្តល់ប្រឹក្សានៅក្រុមហ៊ុន CBRE ហុងកុង បានមានប្រសាសន៍ថា៖ «នៅខែវិច្ឆិកាមានភាពស្ងប់ស្ងាត់ខ្លាំង ហើយទំនុកចិត្តរបស់អ្នកវិនិយោគក៏មិនសូវរឹងមាំប៉ុន្មានដែរ»។
លោកបានបន្ថែមថា៖ «លំនៅឋានប្រណិតពឹងផ្អែកយ៉ាងខ្លាំងទៅលើទំនុកចិត្តទីផ្សារ ហើយយើងរំពឹងថា សកម្មភាពទីផ្សារនឹងនៅតែបន្តស្ងប់ស្ងាត់រហូតដល់ដំណាច់ឆ្នាំនេះ និងអាចបន្តរហូតដល់ដើមឆ្នាំ ២០២៧ ទៀតផង»។
លោកបានលើកឡើងថា ភាពប្រែប្រួលនៃភាគហ៊ុនវិស័យបច្ចេកវិទ្យា ការព្រួយបារម្ភអំពីអត្រាការប្រាក់ និងទំនុកចិត្តនៅក្នុងទីផ្សារភាគហ៊ុនទាំងមូល អាចធ្វើឱ្យអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ កាន់តែមានការប្រុងប្រយ័ត្នបន្ថែមទៀត មុននឹងសម្រេចចិត្តទិញអចលនទ្រព្យដែលមានតម្លៃខ្ពស់៕






