ក្រុមហ៊ុន Cambodia Securities Plc. និងសហគ្រាសចំនួន១១ជម្រុញការលើកកម្ពស់ទីផ្សាមូលបត្រកម្ពុជា

ចែករំលែក

    ដោយៈ ចំណាន

    ភ្នំពេញៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ដោយរំលេចពីសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា និងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា។

លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ដោយបានរំលេចពីសក្តានុពលពាណិជ្ជកម្ម បរិយាកាសអំណោយផល និងកាលានុវត្តភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយដៃគូអន្តរជាតិ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើសេវាប្រឹក្សាយោបល់ សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO Advisory Cooperation) រវាងក្រុមហ៊ុន Cambodia Securities Plc. និងសហគ្រាសចំនួន១១ ដែលជាការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យមូលបត្រ និងគាំទ្រដល់សហគ្រាស ក្នុងការស្វែងរកប្រភពទុន តាមរយៈទីផ្សារមូលបត្រកម្ពុជា។

ជាមួយគ្នានេះ លោកសំហេង បូរ៉ា បានគូសបញ្ជាក់ពីឧត្តមភាពប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា ដែលកំពុងស្រូបទាញធុរជន និងវិនិយោគិនបរទេស រួមមាន គោលនយោបាយពាណិជ្ជកម្មបើកចំហ និងបណ្តាញតភ្ជាប់ទីផ្សារសកលដ៏ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងអាសិប (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា -អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងដៃគូ ព្រមទាំងប្រព័ន្ធអនុគ្រោះពន្ធនានា ដែលបានបើកច្រកទីផ្សារដ៏ធំទូលាយសម្រាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីកំណើនជាវិជ្ជមាននៃទំហំពាណិជ្ជកម្មរបស់កម្ពុជា សន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រទំនើបៗ ដែលគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់ រួមមាន តំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿន កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ គួបផ្សំនឹងសកម្មភាពជំរុញការនាំចេញយ៉ាងសកម្ម របស់ក្រសួងពាណិជ្ជកម្ម តាមរយៈការនាំយកផលិតផលសក្តានុពលកម្ពុជា ទៅបង្ហាញលើឆាកពិព័រណ៍អន្តរជាតិធំៗ ដូចជា ពិព័រណ៍ចិន-អាស៊ាន (CAEXPO) ពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE)ពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris និង ANUGA ជាដើម៕


ចែករំលែក