ដោយ : វុត្ថា
ភ្នំពេញ: ក្រោយការដួលរំលំនៃការបើកយន្តហោះបុក អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុង New York កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ វត្តមានអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទី១ថ្មី នៅទីក្រុងនេះបានលេចឡើងក្នុងរូបភាពយ៉ាងដូចម្តេច ។
តើអាគារពាណិជ្ជកម្មពិភពលោកថ្មី ដែលមានឈ្មោះថាOne World Trade Center ដែលបានប្តូរឈ្មោះមកពីFreedom Tower ត្រូវបានសាងសង់ក្នុងទស្សនស្ថាបត្យកម្មយ៉ាងដូចម្តេច? គេហទំព័រPropertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីអាគារដ៏អស្ចារ្យមួយនេះដូចតទៅ។
មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទី១ ,1WTC ឬអាគារសេរីភាព គឺជាអគារដ៏សំខាន់ បន្ទាប់ពីបានសាងសង់ឡើងវិញ ជំនួសអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (World Trade Center) នៅក្នុងតំបន់Lower Manhattan ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។ វាជាអគារខ្ពស់ជាងគេបំផុតនៅអឌ្ឍគោលខាងលិច និងជាអគារខ្ពស់លំដាប់ទី៦ នៅលើពិភពលោក។
រចនាសម្ព័ន្ធនៃអគារនេះ មានទម្រង់ដូចគ្នាទៅនឹងអគារNorth Tower ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដើម ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
ស្ថាបត្យករគូរប្លង់អគារនេះ គឺលោក David Childs ដែលជាម្ចាស់ក្រុមហ៊ុន Skidmore Owings & Merrill (SOM) លោក David Childs ក៏បានរចនាគូរប្លងស្ថាប ត្យកម្មអគារ Burj Khalifa និងអគារWillis ផងដែរ។
អគារនេះបានក្លាយជាអគារខ្ពស់បំផុត នៅទីក្រុងញូវយ៉កនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ដោយវ៉ាដាច់អគារខ្ពស់ជាងរបស់អង់គ្លេស (Empire State Building)។ អគារនេះបានសាងសង់បញ្ចប់នូវរចនាសម្ពន្ធនៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០១២ ហើយកំពូលរបស់វាបញ្ចប់នៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៣។
អាគារកប់ពពកនេះត្រូវបានដំឡើងកំពស់ ដែលធ្វើឱ្យអគារនេះរួមទាំងកំពស់របស់វាឡើងដល់កម្ពស់សរុប541 ម៉ែត្រឬ១៧៧៦ហ្វីត។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដ៏មានឥទ្ធិពលនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៤។
នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០០៩ អាជ្ញាធរកំពង់ផែញូវយ៉ក និងញ៉ូវជឺស៊ី (PANYNJ)បានបញ្ជាក់ថាអាគារដ៏ខ្ពស់នេះនឹងដាក់ឈ្មោះជាផ្លូវការរបស់ខ្លួនគឺ “មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយ” “One World Trade Center”ជាជាងឈ្មោះ “អគារសេរីភាព” “Freedom Tower”។
មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មីនេះ មានកំពស់១០៤ជាន់ ជាអគារស្តង់ដារខ្ពស់បំផុតរាប់ទាំងកំពូល ប៉ុន្ដែតាមពិតអគារនេះមានត្រឹមតែ៩៤ជាន់ប៉ុណ្ណោះ។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មីនេះ នឹងរួមបញ្ចូលអគារការិយាល័យអាគារខ្ពស់ចំនួនប្រាំនៅតាមបណ្តោយផ្លូវ Greenwich Street ព្រមទាំងមានសារមន្ទីរជាតិអនុស្សាវរីយ៍ទី ១១កញ្ញា (National September 11 Memorial & Museum) ដែលស្ថិតនៅភាគខាងត្បូងនៃ អាគារOne World Trade Center ។
ការសាងសង់អគារថ្មីនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរំលឹក និងកសាងឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដើម៕