ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងឆ្នាំ២០១៩ បានជិតបញ្ចប់នូវរយៈពេល៦ខែរបស់ខ្លួនហើយ ដោយអ្វីៗស្ថិតនៅក្នុងភាពល្អប្រសើរ ជាមួយនឹងកំនើននៃការវិនិយោគ ការទិញលក់បន្តកើនឡើង ប៉ុន្តែរយៈពេល៦ខែបន្ទាប់មានសភាពយ៉ាងណា អ្នកជំនាញ៥រូបក្នុងវិស័យនេះបានលើកឡើងនូវទស្សនខុសៗគ្នា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៣ មិថុនានេះថា ស្ថានភាពទូទៅក្នុងវិស័យនេះនៅតែមានភាពល្អប្រសើរ ធៀបនឹងឆ្នាំ២០១៨ ដោយកំនើនក្នុងវិស័យនេះមានភាពសមាមាត្រ នឹងកំនើនសេដ្ឋកិច្ចជាតិរបស់យើង ដែលនេះជាសញ្ញាល្អមួយសំរាប់វិស័យនេះ។
លោកបន្តថា “តម្លៃអចលនទ្រព្យក្នុងឆ្នាំនេះ មានកំនើនចន្លោះពី១០ទៅ ១៥ភាគរយ ជាកំនើនមានភាពល្អប្រសើរធៀបនឹងកំនើនសេដ្ឋកិច្ច”។ លោកបន្តថា “បើធៀបនឹងឆ្នាំ២០១៨ ស្ថានភាពឆ្នាំ២០១៩នេះអាចល្អប្រសើរជាងឆ្នាំមុន ប៉ុន្តែមិនល្អខ្លាំងណាស់ណានោះទេ”។
តើផ្នែកអ្វីដែលមានភាពលេចធ្លោជាងគេក្នុងឆ្នាំនេះ? លោកច្រឹក សុខនីមបានមានប្រសាសាសន៍ឲ្យដឹងថា ការទិញលក់ដីធ្លី និងលំនៅដ្ឋានមានភាពល្អប្រសើរ និងមានគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបានប្រកាសសាងសង់ តែមានចំនួនតិចជាងឆ្នាំមុន។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃដដែលថា ភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ សន្ទុះនៃការអភិវឌ្ឍវិស័យក្នុងវិស័យសំណង់ នៅតែមានភាពល្អប្រសើរ។ លោកបានបន្តទៀតថា យើងរីករាយ និងសាទរចំពោះសមិទ្ធផលពីវិស័យមួយនេះ ដែលកំពុងតែចូលរួមលើកកម្ពស់មុខមាត់របស់ប្រទេសកម្ពុជាគួរជាទីមោទនៈ។

លោកបន្តទៀតថា “រីកចម្រើនរបស់វិស័យអចលនទ្រព្យ ជាប្រភពចំណូលមួយយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងជម្រុញឱ្យសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់”។ លោកបន្តទៀតថា “នៅពេលមានលំហូរវិនិយោគពីបណ្តា អ្នកវិនិយោគអន្តរជាតិចូលមកក្នុងស្រុកកាន់តែច្រើន កាន់តែមានភាពល្អប្រសើរក្នុងការជួយជម្រុញកំណើន GDP របស់ប្រជាជនសរុប ដែលជួយឱ្យកម្រិតជីវភាពកាន់តែល្អ”។
លោកពុទ្ឋីបានបញ្ជាក់ទៀតថា អ្វីដែលជាការព្រួយបារម្ភនោះ នៅពេលដែលកំនើនតម្លៃអចលនទ្រព្យចេះតែបន្តកើនឡើងលើសពីក្ដីរំពឹង ប៉ុន្តែសកម្មភាពនៃការអភិវឌ្ឍហាក់ស្ងប់ស្ងាត់ វាអាចនឹងជះឥទ្ធិពលមិនល្អត្រឡប់មកវិញ នៅក្នុងប្រទេសមួយនេះ។ លោកបន្តទៀតថា នៅពេលតម្លៃដីចេះតែបន្តកើនឡើងខ្ពស់ វានឹងក្លាយទៅជាឧបសគ្គសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ ជាពិសេសវិស័យលំនៅដ្ឋាន ហើយវានឹងបន្តជះឥទ្ធិពលអាក្រក់ទៅដល់ប្រជាពលរដ្ឋដែលមានចំណូលកម្រិតមធ្យម ឬក្រោមមធ្យមនៅឡើុយនោះពិបាកក្នុងការទទួលបានលំនៅដ្ឋានសមរម្យសម្រាប់ស្នាក់នៅ។
ចំណែកលោកស្រី Grace Rachny Fong នាយិកាប្រតិបត្តិក្រុមហ៊ុន Century21 Cambodiaបានមានប្រសាសន៍ដោយសម្តែងសុទិដ្ឋិនិយមផងដែរថា វិស័យនេះនៅតែបន្តរីកចម្រើនសំរាប់រយៈពេលពេញមួយឆ្នាំ២០១៩នេះ ព្រោះរយៈ ពេល ៦ខែនេះ យើងឃើញមានសន្ទុះរីកចម្រើនក្នុងវិស័យនេះទាំងតម្លៃដីធ្លី ការទិញលក់ ការវិនិយោគពីក្រៅប្រទេស និងការប្រកាសគំរោងវិនិយោគធំៗនៅក្នុងស្រុក ដូចជាគំរោងរបស់អ្នកឧកញ៉ាគិត ម៉េង គំរោងរបស់ប៉េង ហួត គំរោងរបស់ក្រុមហ៊ុន CHIP MONG GROUP ជាដើម។

លោកស្រីបន្តថា “ខ្ញុំគិតថាវិស័យអចលនទ្រព្យនៅឆ្នាំ២០១៩ នឹងមានភាពរីកចម្រើនជាងឆ្នាំមុន ប៉ុន្តែល្បឿនស្ថិតក្នុងកម្រិតសមស្របមួយ”។
ទោះជាយ៉ាងណាមិនមែនមនុស្សគ្រប់គ្នាសុទ្ឋតែសុទិដ្ឋិនិយមនោះទេ ដោយសារ ការយល់ឃើញខុសៗគ្នា។

អគ្គនាយកក្រុមហ៊ុន Premium Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ឲ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០១៩នេះ វិស័យអចលទ្រព្យនៅកម្ពុជា ហាក់នៅទ្រឹងបន្ដិច ដែលមិនមានអ្វីប្រែប្រួលជាងពេលបច្ចុប្បន្ននេះនោះទេ។ លោកបានបន្តទៀតថា កាលពីឆ្នាំ២០១៨កន្លងទៅ វិស័យអចលនទ្រព្យនៅកម្ពុជាគឺមានភាពពុះកញ្ជ្រោលខ្លាំងស្ទើរទប់លែងបាន តែឆ្នាំនេះមិនដូចឆ្នាំមុននោះទេ។ លោកបានបន្តទៀតថា ពេលនេះគម្រោងមួយចំនួន ដែលកំពុងមានសកម្មភាពសាងសង់គឺបន្តមកពីឆ្នាំចាស់ទាំអស់”។ លោកបានបន្តទៀតថា ឆ្នាំ២០១៨ កន្លងទៅវិស័យអចលនទ្រព្យមានភាបពុះកញ្ជ្រោលខ្លាំងដោយសារតែមានអ្នកវិនិយោគជនជាតិចិនប្រជែងទិញនៅលើទីផ្សាររួម ប៉ុន្តែឆ្នាំនេះមិនសូវមានទៀតនោះទេ។
នាយកក្រុមហ៊ុនអចលនទ្រព្យ Town City Reel Estate លោក វ៉ន ចាន់ថន បានមានប្រសាសន៍ឲ្យដឹងថា បើតាម កាលមើលឃើញ និងទស្សនៈរបស់លោក វិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០១៩នេះ អាចនឹងមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ។

លោកបានបន្តទៀតថា “តាមទស្សនៈរបស់ខ្ញុំ ដូចជាមិនមានសញ្ញាណាមួយដែលបង្ហាញពីភាពនៅទ្រឹង ឬធ្លាក់ចុះនោះទេ”។ លោកបានបន្តទៀតថា“ខ្ញុំមើលឃើញថា ចាប់តាំងពីដើមឆ្នាំវិស័យអលនទ្រព្យ មានភាពល្អប្រសើរស្ទើរតែគ្រប់ផ្នែកទាំងអស់មិនថាចំពោះតែការ ទិញ-លក់ ឬជួល នោះទេ”។
លោកបានបន្តទៀតថា ទីផ្សារជួលអគារស្នាក់នៅ ទាំងអាផាតម៉ិន ទាំងខុនដូ គឺមានភាពល្អប្រសើរ ដោយសារតែលំហូរនៃចំនួនអ្នកវិនិយោគ និងបម្រើការងារជនបរទេសមានចំនួនច្រើន ជាពិសេសជនជាតិចិន និងហុងកុងជាដើម។ លោកបន្តទៀតថា “សម្រាប់ការជួលទីតាំងការិយាល័យ និងផ្នែកឃ្លាំង ក៏មិនមានអ្វីដែលជាឧបសគ្គនោះដែរ ហើយវាជាការជួយជម្រុញឱ្យអភិវឌ្ឍក្នុងវិស័យនេះ បង្កើនការផ្គត់ផ្គង់នៅតាមទីតាំងដទៃទៀតឱ្យស្របទៅនឹងតម្រូវការជាក់ស្ដែង៕






