ដោយៈ រ៉ាណេត
ភ្នំពេញៈ ភាពល្អប្រសើរនៃវិស័យដីធ្លីនៅក្នុងតំបន់ភ្នំប្រសិទ្ធ និងភ្នំរាប ដែលមួយភាគធំស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ហើយមួយប៉ែកទៀត ត្រូវបានកាត់ចូលមកចំណុះរាជធានីភ្នំពេញស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ បាននិងកំពុងចាប់ផ្តើមមានភាពទាក់ទាញការអភិវឌ្ឍជាបណ្ដើរៗហើយ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសគម្រោងអភិវឌ្ឍនៅតំបន់បឹងតាម៉ោក។

-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ឲ្យដឹងចុងសប្តាហ៍មុនថា បច្ចុប្បន្ននេះ ដីនៅតំបន់ភ្នំបាសិទ្ធចាប់ផ្តើមមានភាពទាក់ទាញជាបណ្ដើរៗហើយ ប៉ុន្តែនៅមិនទាន់ខ្លាំងក្លាដូចជាតំបន់បឹងតាម៉ោក ឬតំបន់ទំបន់កប់ស្រូវនោះទេ។ លោកបានបន្តទៀតថា នៅមិនយូរទៀតនោះទេ វិស័យធ្លីនៅតំបន់ភ្នំបាសិទ្ធ និងតំបន់ជុំវិញនឹងបង្កើនភាពទាក់ទាញ ដែលវាជាការរុញច្រានចេញពីតំបន់ទំនប់កប់ស្រូវ និងតំបន់បឹងតាម៉ោក។
លោកបានបន្តទៀតថា “ពេលនេះក្រៅពីសកម្មភាពនៃការពុះដីឡូតិ៍លក់ ក៏មានអ្នកអភិវឌ្ឍកម្រិតមធ្យមមួយចំនួនតូច ចាប់ផ្តើមធ្វើសកម្មភាពសាងសង់សំណង់លំនៅដ្ឋានកម្រិតមធ្យមចាប់ពី១០-២០ល្វែងជាបណ្តើរៗហើយ ដែលទាំងនេះក៏ជាកក្តាមួយជួយគៀងគរអ្នកអភិវឌ្ឍដទៃទៀត ឱ្យចូលទៅចូលរួមធ្វើការវិនិយោគ និងអភិវឌ្ឍនៅតំបន់នេះបន្ថែមទៀត”។
លើកឡើងស្រដៀងគ្នានេះ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា ការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគលើវិស័យដីធ្លីនៅតំបន់នេះ បានចាប់ផ្តើមកម្រើកតាំងពីប្រមាណ២ឆ្នាំមុនម៉្លេះ ប៉ុន្តែនៅឆ្នាំនេះមានសន្ទុះខ្លាំងជាងពេលមុន។ លោកស្រីបន្តទៀតថា តម្លៃដីធ្លីនៅក្នុងតំបន់ភ្នំបាសិទ្ធ និងតំបន់ជុំវិញមានភាពខុសគ្នា ដែលវាអាស្រ័យទៅតាមទីតាំង ទំហំ និងសណ្ឋានដី”។ លោកស្រីបានបន្តទៀតថា ដីដែលស្ថិតនៅឆ្ងាយពីផ្លូវ ឬជាប្រភេទដីស្រែ ដីកសិកម្មគឺមានតម្លៃទាបបន្តិច អាចក្នុងចន្លោះចាប់ពី ៣៥-៥០-៦០ ដុល្លារក្នុងមួយម៉ែត្រ (ដីស្រែទំហំធំ) ឬអាចលើសពីនេះ ប្រសិនបើដីមានស្ថានភាពល្អប្រសើរ។
លោកស្រីបានបន្តទៀតថា ចំពោះដីដែលស្ថិតជាប់ផ្លូវធំ ដែលជាបណ្តុំប្រជាជនរស់នៅ មានផ្សារតំបន់ អាចមានតម្លៃចាប់ពី១៥០-២០០ដុល្លារក្នុងមួយម៉ែត្រ ឬអាចរហូតដល់ដល់២៥០ដុល្លារក៏មានដែរ។ បញ្ហាតម្លៃគឺជាទូទៅមិនមានភាពស្មើគ្នានោះទេ។
អ្នកវិភាគសេដ្ឋកិច្ច និងអចលនទ្រព្យ លោក ង៉ែត ជូ ក៏បានមានប្រសាសន៍ដែរថា នៅពេលដ៏ខ្លីខាងមុខនេះ តំបន់ភ្នំបាសិទ្ធ លែងស្ថិតនៅក្នុងភាពឯកាទៀតហើយ។ លោកបានបន្តទៀតថា ជាធម្មតាពីមួយឆ្នាំទៅមួយឆ្នាំ កំណើនប្រជាសាស្ត្រតែងមានការកើនឡើង ជាពិសេសនៅតាមតំបន់ជាយរាជធានីភ្នំពេញតែម្ដង”។
លោកបានបន្តថា “បច្ចុប្បន្នគម្រោងអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចាកចេញពីតំបន់កណ្តាលក្រុងមកដល់តំបន់ជាយក្រុងហើយ”។លោកបន្តទៀតថា “នៅពេលកំណើនមនុស្សកាន់តែច្រើន ទីក្រុងកាន់តែពង្រីកវិសាលភាពរបស់ខ្លួន ជាក់ស្ដែងពេលនេះតំបន់ទំនប់កប់ស្រូវ និងតំបន់បឹងតាម៉ោក កំពុងតែមានភាពទាក់ទាញខ្លាំងពីសំណាក់អ្នកអភិវឌ្ឍ ដែលវានឹងជម្រុញវិសាលភាពមកដល់តំបន់បាសិទ្ធយ៉ាងប្រសិទ្ឋ”។
លោកបន្តទៀតថា “យ៉ាងយូរត្រឹមរយៈពេល៥ឆ្នាំខាងមុខនេះ តំបន់ភ្នំបាសិទ្ធនឹងពោរពេញទៅដោយលំនៅដ្ឋានកម្រិតមធ្យម និងក្រោមធម្យម”៕