ដោយ អេព្រីល
ភ្នំពេញៈ លោក អេង លាភា ជាអ្នកនិពន្ធសៀវភៅក្នុងវិស័យដីធ្លី បានបញ្ចេញស្នាដៃទី2 របស់ខ្លួន ដើម្បីផ្ដល់ចំណេះដឹង និងផ្ដល់ភាពជោគជ័យប្រកាន់អ្នកដែលរកស៊ី ក្នុងវិស័យដីធ្លីបន្ថែមទៀត។
សៀវភៅទី២ នេះមានចំណងជើងថាជោគជ័យមិនធ្លាក់ពីលើមេឃ!ហេតុអ្វី?
-->
ម្ចាស់ស្នាដៃរូបនេះបានសំរាំងពីមូលហេតុសំខាន់ៗចំនួន៨ ដែលសាធារណៈជនគួរអានសៀវភៅនេះ ដើម្បីបានយល់ដឹងពីដំណើរការការងារអនុវត្តគម្រោងទាំងមូល ការទទួលបានគំនិត ក្នុងការទទួលគម្រោងមកគ្រប់គ្រងដោយខ្លួនឯងផ្ទាល់ ដឹងពីបញ្ហាប្រឈមជាមុនក្នុងការអនុវត្តគម្រោងនីមួយៗ ដឹងពីរបៀបបង្កើតក្រុម គ្រប់គ្រងក្រុម ដឹកនាំក្រុម និងដោះស្រាយបញ្ហានៅក្នុងក្រុម និងយល់ដឹងគន្លឹះក្នុងការទប់ទល់ ជាមួយម្ចាស់គម្រោង។
លោកអេង លាភាដែលជាម្ចាស់ស្នាដៃបានអះអាងថា “សៀវភៅរបស់លោកសរសេរចេញពីទីលានលក់តែម្ដង មិនមែនសរសេរចេញពីការស្រមៃទេ ព្រោះថាអ្នកនិពន្ធផ្ទាល់គាត់ធ្លាប់ជាតួអង្គ ក្នុងគម្រោងហើយក៏ជាអ្នកគ្រប់គ្រងក្នុងគម្រោងដែរ”។
សៀវភៅនេះមានកម្រាស់ ១៤០ទំព័រ នឹងមានមាតិកាសំខាន់ៗចំនួន ១១ចំណុច ក្នុងនោះរួមមានបទពិសោធន៍លក់ដីឡូតិ៍ គន្លឹះនៃការចាប់ផ្ដើមចរចាតម្លៃនិងលក្ខខណ្ឌផ្សេងៗ ការពង្រាងកិច្ចសន្យាសហការលក់ដីឡូតិ៍ គន្លឹះនៃការប្រឈមសំខាន់សំខាន់ក្នុងការអនុវត្តគម្រោង ការពង្រឹងសមត្ថភាពក្រុមអ្នកលក់ គោលការណ៍គ្រប់គ្រងសាច់ប្រាក់ និងការបិទបញ្ចប់ការលក់ជាដើម។
ទាក់ទងទិញសៀវភៅនេះ អ្នកនិយមអាននិងចង់សិក្សាស្វែងយល់បន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៩ ២៨៨ ៨៨៥៕

