ដោយ វុត្ថា
ឈៀងរ៉ៃៈ បណ្តាប្រទេសជាសមាជិក CLMV រួមមានកម្ពុជា ឡាវ មីយ៉ាន់់ម៉ា និងប្រទេសវៀតណាមបានកំណត់របៀបវារៈរួមគ្នា ក្នុងការទាក់ទាញទេសចរណ៍បែបពុទ្ឋសាសនា ម្ហូបអាហារ និងការបើកបរខ្លួនឯងឆ្លងកាត់ព្រំដែននៃបណ្តាប្រទេសទាំងនេះ។

-->
ក្នុងកិច្ចប្រជុំអន្តរជាតិពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចំនួន២ថ្ងៃ នៅប្រទេសថៃថ្នាក់ដឹកនាំក្រសួងទេសចរណ៍នៃប្រទេសទាំង៤ បានសម្រេចចិត្តរួមគ្នាក្នុងការរៀបចំកញ្ចប់ទេសចរណ៍ និងខ្សែទស្សនកិច្ចបែបនេះ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកថោង ខុន បានឱ្យដឹងនៅក្នុងប្រជុំលើកទី៤ នៃរដ្ឋមន្ត្រីទេសចរណ៍ ACMECS (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) ដែលរួមមានប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម និងកិច្ចប្រជុំលើកទី៥ នៃរដ្ឋមន្ត្រីទេសចរណ៍ CLMV (កម្ពុជា ឡាវ ភូមា និងវៀតណាមកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃថា ប្រទេសសមាជិកទាំងអស់មានសក្តានុពលផ្នែកព្រះពុទ្ធសាសនា ម្ហូបអាហារប្រកបលក្ខណៈពិសេស បង្ហាញអំពីអរិយធម៌ វប្បធម៌ ការរស់នៅស្រដៀងៗគ្នា ដែលកត្តាទាំងនេះគឺជាភាពទាក់ទាញទេសចរដ៏សំខាន់ ឆ្លើយតបនឹងនិន្នាការទេសចរណ៍បច្ចុប្បន្ន ព្រមទាំងចូលរួមដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាកេរដំណែលរបស់មនុស្សជាតិផងដែរ។
លោករដ្ឋមន្ត្រីបន្តថា ទន្ទឹមនឹងនេះ ប្រទេសជាសមាជិកមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលតភ្ជាប់គ្នាទៅវិញទៅមករវាងប្រទេស ACMEC និង CLMV បានកាន់តែប្រសើរ ដែលនឹងអាចចូលរួមជំរុញវិស័យទេសចរណ៍ បើកបរដោយខ្លួនឯង (Self-Driving Tour) កាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបនឹងនិន្នាការទេសចរណ៍សកលលោក ដោយការបើកបរដោយខ្លួនឯង ឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតកំពុងតែពេញនិយម។
រដ្ឋមន្ត្រីទេសចរណ៍ACMEC ក៏បានអបអរសាទរកំណើនទេសចរអន្តរជាតិ មកទស្សនាប្រទេសជាសមាជិក ឆ្នាំ២០១៨ កើនដល់៦៧,៧១លាននាក់ ក្នុងអត្រា ១០.៦១% ហើយក្នុងគោលដៅជំរុញកំណើនទេសចរមកកាន់តំបន់ ឲ្យកាន់តែច្រើនថែមទៀត រដ្ឋមន្ត្រីទេសចរណ៍ ACMECS បានអនុម័តដាក់ចុះផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ACMECS ឆ្នាំ២០១៩-២០២៣ ដោយផ្ដោតលើសកម្មភាពសំខាន់ៗមានដូចជា (១) ការផ្សព្វផ្សាយ និងសិក្សាទីផ្សារ (២)ការតភ្ជាប់ផលិតផលទេសចរណ៍ (៣) ការផ្លាសប្ដូរព័ត៌មានស្ដីអំពីទេសចរណ៍ (៤) ការបង្កើតផលិតផលថ្មី (៥) ការអភិវឌ្ឍធនធានមនុស្ស (៦) សុវត្ថិភាពទេសចរណ៍ (៧) ការជំរុញការចូលរួមរបស់វិស័យទេសចរណ៍។
ដោយឡែក ឆ្នាំ២០១៨ តំបន់ CLMV បានទទួលទេសចរអន្តរជាតិ២៩.៤៤លាននាក់ ក្នុងកំណើន១៣.៩៦% ក្នុងទេសចរណ៍ផ្ទៃក្នុងCLMV (Intra-CLMV Traveler) មាន ២.៥៨លាននាក់ ស្មើនឹង៩% នៃទេសចរអន្តរជាតិសរុប។

រដ្ឋមន្ត្រីទេសចរណ៍ CLMV ក៏បានឯកភាពគ្នាបន្តជំរុញការផ្សព្វផ្សាយ «ប្រទេសបួន គោលដៅតែមួយ» ឲ្យបានកាន់តែខ្លាំងថែមទៀត ដោយបានដាក់ចុះនូវផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍CLMV ឆ្នាំ២០១៩-២០២១ ក្នុងនោះរួមមានសកម្មភាពសំខាន់ ដូចជា៖ ១៖ ការសម្រួលការធ្វើដំណើរក្នុងតំបន់ ២៖ ការកសាងសមត្ថភាព ៣៖ ជំរុញការចូលរួមពីភាគីឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ៤៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ៥៖ ជំរុញសុវត្ថិភាពទេសចរ៕
