ដោយ គង់ សូរិយា
ភ្នំពេញៈ មនុស្សជាច្រើនបាននិងកំពុងចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ក្នុងនោះលោក លី សុខឆាយ ជាសហគ្រិនវ័យក្មេងមួយរូប បានឈានជើងចូលនប្រឡូកក្នុងវិស័យនេះ ដោយលោកគិតថា វាជាពេលវេលាល្អសម្រាប់លោក ដោយសារកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចយ៉ាងរ៉ឹងមាំ។

អគ្គនាយកកក្រុមហ៊ុន LSCG Real Estate Co.,Ltd លោក លី សុខឆាយ ដែលបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និងបញ្ញាប័ត្រភាសាអង់គ្លេសនៅ វិទ្យាស្ថានភាសាបរទេស (IFL) រូបនេះបានសិក្សាលើជំនាញអចលនទ្រព្យអន្តរជាតិ CIPS ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងបានប្រឡូកក្នុងវិស័យជំនួញ មុនពេលលោកបើកក្រុមហ៊ុនអចលនទ្រព្យ LSCG Real Estate Co.,Ltd។
លោកបានមានប្រសាសន៍ថា “ខ្ញុំបាទធ្លាប់ជាអគ្គនាយកក្រុមហ៊ុន Logistics និងផ្នែកច្បាប់អស់រយៈពេលជិះ១០ឆ្នាំ។ ក្នុងពេល៣ឆ្នាំចុងក្រោយនេះខ្ញុំបានសម្រេចចិត្តឈានចូលវិស័យអចលនទ្រព្យ និងបើកក្រុមហ៊ុនអចលនទ្រព្យដោយខ្លួនឯង ព្រោះកម្ពុជានឹងបន្តរីកចម្រើន ក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ”។
លោកបន្តថា មានមូលហេតុសំខាន់ៗចំនួនបី ដែលធ្វើឲ្យលោកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះ ដូចជា ទី១ ដោយវិស័យអចលនទ្រព្យនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយ:ពេល១០ឆ្នាំចុងក្រោយ និងមានសញ្ញាណនៃការរីកចម្រើនជាបន្តទៀតនាពេលអនាគត ទី២ តាមការវិភាគទីផ្សារអចលនទ្រព្យ ដែលកំពុងរីកចម្រើនថ្មីៗនេះ ខ្ញុំយល់ឃើញថា នេះជាឱកាសដ៏ល្អចំពោះសហគ្រិនវ័យក្មេងអាចចាប់ផ្តើមសាកល្បង ឬវិនិយោគខ្លួនបាន។ និងទី៣ ដោយខ្ញុំបាទធ្លាប់សិក្សាពីវិស័យអចលនទ្រព្យនេះ ទាំងក្នុងនិងក្រៅប្រទេស និងធ្លាប់បានជោគជ័យ តាមរយ:ការនាំភ្លៀវបរទេសមកវិនិយោគនៅក្នុងកម្ពុជាផងដែរ ខ្ញុំបាទក៏សម្រេចិត្តបើកជាក្រុមហ៊ុនអចលនទ្រព្យតែម្តង។
ទោះជាយ៉ាងណាលោកក៏បានយល់ដឹងពីបញ្ហាប្រឈម និងដឹងពីវិធីដោះស្រាយវាយ៉ាងដូចម្តេចផងដែរ ដោយលោកលី សុខឆាយបានបញ្ជាក់ថា ក្រុមហ៊ុននៅថ្មី អតិថិជនមិនទាន់ស្គាល់និងផ្តល់ទំនុកចិត្ត ដូចក្រុមហ៊ុនដែលមានបទពិសោធន៍ ដូច្នេះទាមទារការខំប្រឹងខ្លាំង និងសាងទំនុកចិត្តខ្ពស់។ ទី២ ផលវិបាកក្នុងការស្វែងរកបុគ្គលិកដែលមានជំនាញផ្នែកអចលនទ្រព្យ និងទាមទារឱ្យមានការធ្វើការផង និងបង្ហាត់បង្រៀនផង និងទី ៣ កង្វះខាតក្រមសីលធម៍នៃវិជ្ជាជីវិៈ នៅក្នុងទីផ្សាអចលនទ្រព្យ។
លោកបន្តថា “មិនថាក្រុមហ៊ុន អតិថិជន និងបុគ្គលដែលប្រកបរបរលើវិស័យអចលនទ្រព្យទាមទារឱ្យមានការយល់ដឹងបន្ថែម លើក្រមសីលធម៍វិជ្ជាជីវ: ដើម្បីការពារទាំងផលប្រយោជន៍រួមដោយអព្យាក្រឹត្យ និងលើកតំកើនការប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់។
លោកនៅតែមានសុទិដ្ឋិនិយមពីការរីកចម្រើនលើវិស័យនេះ ដោយលោកបានមានប្រសាសន៍ថា វិស័យអចលទ្រព្យនៅតែមានភាពវិជ្ជមាន ក្នុងរយះពេលប្រាំទៅដប់ឆ្នាំទៀត ទោះបីកម្ពុជាបានបាត់បង់ EBA ក៏ដោយ ព្រោះយើងមើលឃើញថាសេដ្ឋកិច្ចរបស់យើងនៅតែរក្សាកំនើន (GDP) ក្នុងកម្រិតជាមធម្យម៧%ក្នុងមួយឆ្នាំ ស្របនឹងវិស័យទេសចរណ៍មានការកើនឡើង និងច្បាប់វិនិយោគកម្ពុជា មានភាពទាក់ទាញ និងអំណោយផលសម្រាប់អ្នកវិនិយោគបរទេស។
លោកបន្តថា “អ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវមានបទពិសោធនិងចំនេះដឹង ដែលទាក់ទងនឹងវិស័យអចលនទ្រព្យ រួមទាំងបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម”។ លោកបន្តថា “ពួកគេត្រូវសិក្សា និងវិភាគទីផ្សារឱ្យច្បាស់ថា តើគាត់ប្រាកដជាអាចចាប់ឱកាសអ្វីបាន និងតើគួរចាប់ផ្តើមពីចំណុចណា? ត្រូវដឹងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន ជាពិសេសចំណុចខ្លាំងដែលទីផ្សារកំពុងមានស្រាប់”។

ជាមួយគ្នានេះ អ្នកប្រឡូកក្នុងវិស័យនេះត្រូវសិក្សាពីផែនការថវិកា និងហានិភ័យមួយចំនួនដែលអាចនឹងកើតឡើងចំពោះក្រុមហ៊ុនរបស់ខ្លួន និងត្រូវមានវិធានការការពារទុកជាមុន ពិសេសគាត់ត្រូវមានផែនការអាជីវកម្មរយៈពេល៣ឆ្នាំយ៉ាងតិច សម្រាប់ធ្វើជាមាគ៌ាក្នុងការកំណត់ភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មរបស់គាត់៕






