សិក្សា​ចំណុច​ទាំង៤នេះ​ ដើម្បី​ធ្វើឲ្យ​មុខ​ជំនួញ​ទទួល​បាន​ជោគជ័យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មិនថា​ការ​ទោះជា​ប្រកប​មុខ​ជំនួញ​ប្រភេទ​ណា​នោះ​ទេ​ មុន​ពេល​ចាប់ផ្តើម​ដំណើរ​អាជីវកម្ម​ក្រៅពី​មាន​ដើមទុន​បម្រុង​ ដែល​ជា​ចំណុច​មួយ​ក្នុងចំណោម​ទាំង៤​ រួចរាល់​ហើយ​នោះ​ អ្នកចាំ​បាច់​ត្រូវតែ​មាន​ចំណុច​សំ​ខាន់​ៗទាំង៣បន្ថែម​ទៀត​ ហើយ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​អាជីវកម្ម​របស់​អ្នក​មិន​ជួប​ហា​នី​ភ័យ​។

ផ្អែក​តាម​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ខ្ពស់​ ក្នុង​បង្កើត​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ ដែល​ទទួល​បាន​ជោគជ័យ​ជាបន្តបន្ទាប់​នោះ​ បាន​លើកយក​ចំណុច​សំ​ខាន់​ៗដែល​ជាគោល​ការណ៍​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​ ដើម្បី​បញ្ចៀស​នូវ​រាល់​ហា​និ​ភ័យ​ផ្សេង​ៗក្រោម​ការប្រកួត​ប្រជែង​ពីសំណាក់​ដៃគូ​នៅ​លើ​ទីផ្សារ​។ ចំណុច​សំ​ខាន់​ៗដែល​ធ្វើជា​សរសរ​ស្តម្ភ​ទាំង៤នោះ​រួមមាន​។

១) ដើមទុន​

​តាមធម្មតា​ការ​ធ្វើអាជីវកម្ម​ អាច​ទទួល​បាន​ជោគជ័យ​ ឬជួបនឹង​ហានិភ័យ​ដើរ​ទន្ទឹមគ្នា​។ ដូច្នេះ​ដើម្បី​ឱ្យ​ប្រាកដ​ថា​អាជីវកម្ម​ អាច​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន​ លុះត្រាតែ​អ្នកជំនួញ​មាន​ថវិកា​គ្រប់គ្រាន់​ សម្រាប់​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ និង​មាន​ថវិកាបម្រុង​មួយចំនួន​ នៅពេល​ដែល​ក្រុមហ៊ុន​មាន​តម្រូវការ​ចាំបាច់​ ឬបន្ទាន់​ណាមួយ​។

២) ពេលវេលា​

អ្នកជំនួញ​ត្រូវ​ចេះ​មើល​ឱកាស​ និង​ពេលវេលា​ស័ក្ដិសម​ សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​។ ថ្វីត្បិត​ថា​អាជីវកម្ម​ប្រភេទ​ខ្លះ​ មាន​ច្រើន​នៅ​លើ​ទី​ផ្សា​រួចហើយ​ ប៉ុន្តែ​យើង​នៅតែ​អាច​មើលឃើញ​ឱកាស​ ដើម្បី​បញ្ជ្រៀ​តផលិតផល​របស់​ខ្លួន​ចូលក្នុង​ទីផ្សារ​បាន​ ។ ការប្រកួត​ប្រជែង​ត្រូវ​បាន​ធ្វើឡើង​ទាំង​តម្លៃ​ និង​គុណភាព​ ធ្វើ​យ៉ាងណា​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ ។ អ្នកជំនួញ​វ័យ​ឆ្លាត​មិនមែន​គិតតែពី​ការ​យកពេល​វេលា​ និង​ចំណាយ​ដើមទុន​ទៅ​ប្រជែង​ជាមួយ​គេ​នោះ​ទេ​ តែ​ត្រូវ​ទុក​ឱកាស​ស្វែង​រក​យុទ្ឋ​សា​ស្រ្តល្អ​ៗ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ដើម្បី​អាជីវកម្ម​របស់​ខ្លួន​។

៣) ជំនាញ​

ចង់​ធ្វើអាជីវកម្ម​អ្វីមួយ​ត្រូវ​ប្រាកដ​ថា​ ខ្លួនឯង​មាន​ជំនាញ​ច្បាស់លាស់​ ទើប​អាជីវកម្ម​ដំណើរ​ទៅមុខ​ដោយ​រលូន​ បើ​គ្មាន​ជំនាញ​រវល់​តែ​រឿង​ស្វែងរក​ឱ្យ​គេ​ជួយ​ វា​អាច​នឹង​មិន​មាន​លទ្ធផល​ ឬអាច​អូសទាញ​អា​ជី​វក​ម្មបស់​អ្នក​ ឱ្យ​ធ្លាក់​ដាំ​ក្បាល​ចុះ​ក៏អាច​ថា​បាន​ ដូច្នេះ​អ្នក​ត្រូវតែ​មាន​ជំនាញ​ដែល​ពាក់ព័ន្ធ​ធ្វើជា​បង្អែក​ មិនថា​ជំនាញ​អ្នកគ្រប់គ្រង​ឬជំនាញ​ដែល​ប្រភេទ​អាជីវកម្ម​នោះ​ទេ​។ ប៉ុន្តែ​ទោះជា​អ្នកមាន​ជំនាញ​ផ្ទាល់ខ្លួន​ អ្នក​ក៏​ត្រូវ​រក​អ្នកជំនាញ​មក​ធ្វើការ​ជាមួយ​នោះ​ដែរ​ ដើម្បី​ជា​ជំនួយការ​ដល់​ការងារ​របស់​ខ្លួន​។

បន្ថែម​ពីនេះ​ អ្នក​ក៏​ត្រូវ​ដាក់​មនុស្ស​ឱ្យធ្វើ​ការ​ទៅតាម​ជំនាញ​ និង​សមត្ថភាព​របស់​ពួកគេ​ផង​ដែរ​ ទើប​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ដំណើរការ​ទៅមុខ​បាន​លឿន​។

៤) ការសម្រេច​ចិត្ត​

មុននឹង​សម្រេចចិត្ត​បើក​អាជីវកម្ម​ ត្រូវតែ​ប្រាកដ​ក្នុងចិត្ត​ឱ្យ​ច្បាស់លាស់​ ពិសេស​ស្វែងរក​មិត្ត​ភក្រ្ត​ ឬអ្នកជំនាញ​ ធ្វើការ​ប្រឹក្សា​យោបល់​ លើ​មុ​ខជំ​នូញ​ ដើម្បី​ប្រាកដ​ថា​អាជីវកម្ម​ដែល​ចង់​រកស៊ី​ អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​។ នៅពេល​ដែល​មានការ​ប្រឹក្សា​យោបល់​ច្បាស់លាស់​ហើយ​ យើង​ត្រូវ​ពិនិត្យ​ពេលវេលា​បន្ថែម​ទៀត​ បើ​គិតថា​ពេលវេលា​មកដល់​ហើយ​ ឱកាស​បាន​ហុច​មក​ឱ្យ​ហើយ​គួរ​ចាប់​ឱ្យ​ជាប់​ ដើម្បី​យក​ឱកាស​ទាំងនោះ​មក​ធ្វើជា​ប្រយោជន៍​ ធ្វើជា​មាស​ពេជ្រ​សម្រាប់​ក្រុមហ៊ុន​ឱ្យ​បាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here