ដោយ វុត្ថា
ភ្នំពេញៈ ការចុះបញ្ជីពាណិជ្ជកម្ម ជានីតិវិធីនៃការកត់ត្រាព័ត៌មានរបស់សហគ្រាសពាណិជ្ជកម្មណាមួយ ក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬន័យម្យ៉ាងទៀតថា គឺជាការដាក់ឈ្មោះអាជីវកម្ម ក្នុងបញ្ជីក្រុមហ៊ុនរបស់រដ្ឋាភិបាលក្នុងប្រទេសកម្ពុជា។
តាមរយៈការចុះបញ្ជីពាណិជ្ជកម្មនេះ អ្នកបានផ្លាស់ប្តូរស្ថានភាពអាជីវកម្មរបស់អ្នកពី “ក្រៅផ្លូវការ” ទៅជា “ផ្លូវការ” ។ ពាក្យទាំងពីរនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ។ “ផ្លូវការ” មានន័យថាអាជីវកម្មរបស់អ្នកត្រូវបានប្រកាស ស្របច្បាប់ និងទទួលស្គាល់ដោយស្ថាប័ននៃប្រទេសកម្ពុជា។
សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក មានដូចខាងក្រោមៈ
ក- ចំពោះម៉ាកដែលទាក់ទងនឹងទំនិញឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន។
ខ- ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹង ទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញា ដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញនិង សេវាដែលប្រហាក់ប្រហែល ទៅនឹងទំនិញឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំជាសាធារណៈ។
គ- សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជី ម៉ាកនឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជីឬដោយមានការយល់ ព្រមពីម្ចាស់ម៉ាកនោះទេ។
រយៈពេលការពារនៃម៉ាក
ម៉ាកដែលបានចុះបញ្ជីហើយមានសុពលភាព១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី។ តាមការស្នើសុំការចុះបញ្ជីម៉ាកមួយ អាចធ្វើសាជាថ្មីសម្រាប់ រយៈពេល១០ឆ្នាំម្តង។ ជាបន្តបន្ទាប់ ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករ ចុះបញ្ជីជាថ្មីតាមការកំណត់។
ការអនុគ្រោះចំពោះការយឺតយ៉ាវក្នុងការចុះបញ្ជីសាជាថ្មី ត្រូវបានអនុញ្ញាតត្រឹមរយៈពេល៦ខែ៕